Liverpool បរាជ័យក្នុងផ្ទះ Galatasaray នៅពាន UCL នៃការដឹកនាំប្រកួតទី១០០ របស់គ្រូបង្វឹក Slot
11-03-2026 09:57
(បរទេស)៖ Liverpool អតីតជើងឯកពានអឺរ៉ុប UEFA Champions League 2018-2019 បានរងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Galatasaray ពីការដឹកនាំលើកទី១០០ នៃគ្រូបង្វឹកហូឡង់ លោក Arne Slot។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ក្រុមជើងឯកលីគអង់គ្លេស Premier League នៅរក្សាប្រវត្តិលេងមិនឈ្នះក្រុមតួកគី Galatasaray ដដែល ក្នុងចំណោមជួបគ្នា ៤លើកនាពេលកន្លងមក សម្រាប់ការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុម UCL រដូវកាល ២០២៥-២៦។
ខ្សែបម្រើ Mario Lemina ជាអ្នករកបានគ្រាប់ជ័យជម្នះ ក្រោយពេលចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះនៅពីមុខអ្នក ទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់នៅឯកីឡដ្ឋាន Rams Park ដែលស្ថិតក្នុងទីក្រុង Istanbul នៅពេលទទួលបាល់ពីការបញ្ជូនរបស់មិត្តរួមក្រុម Victor Osimhen មុនពេលត្រឡប់ទៅទឹកដី Anfield វិញនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
Hugo Ekitike ស៊ុត ១ជើងយ៉ាងស្អាត ក៏ប៉ុន្តែត្រូវបានសង្រ្គោះដ៏អស្ចារ្យពីសំណាក់អ្នកចាំទី មុនពេល Liverpool រំពឹងរកបានគ្រាប់តាមស្មើ ដែលត្រូវបានបដិសេធដោយប្រព័ន្ធ VAR ក៏ព្រោះតែដៃប៉ះបាល់ (handball) ដ្បិតក្រុមជើងឯកលីគតួកគីក៏ធ្វើបានគ្រាប់ទី២ ដែរដោយខ្សែប្រយុទ្ធ Osimhen និងត្រូវបានបដិសេធដូចគ្នា ដោយបាល់ offside។
ទោះជាយ៉ាងណា លោក Arne Slot ក៏ជាគ្រូបង្វឹកល្អទី២ ផងដែររបស់ហង្សក្រហម Liverpool ពីការដឹកនាំបាន ១០០ប្រកួតដំបូង ឈ្នះ ៦២លើក ស្មើ ១៦លើក និងចាញ់ ២២លើក តាមពីក្រោយអ្នកចាត់ការទូទៅ Kenny Dalglish៕





