ក្រុមហ៊ុន Meta ប្រកាសយកកម្រៃបន្ថែមពីអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីទូទាត់លើពន្ធឌីជីថលនៅអឺរ៉ុប
11-03-2026 10:25
(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Meta ដែលជាម្ចាស់កម្មវិធី Facebook, Instagram និង WhatsApp បានប្រកាសថា ខ្លួននឹងចាប់ផ្តើមគិតកម្រៃសេវាបន្ថែមពីអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម (Advertisers) ចាប់ពី ២% ដល់ ៥% ដើម្បីបង្គ្រប់លើការបង់ពន្ធលើសេវាឌីជីថល (Digital Service Taxes) ដែលកំណត់ដោយរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
យោងតាមការបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Meta បានឱ្យដឹងថា ការដាក់ចេញនូវ «កម្រៃសេវាតាមទីតាំង» នេះ នឹងត្រូវអនុវត្តចំពោះការផ្សាយពាណិជ្ជកម្មជាប្រភេទរូបភាព និងវីដេអូ រួមទាំងយុទ្ធនាការផ្ញើសារពាណិជ្ជកម្មតាមរយៈ WhatsApp ផងដែរ។ គោលការណ៍ថ្មីនេះនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
កន្លងមក ក្រុមហ៊ុន Meta គឺជាអ្នករ៉ាប់រងលើចំណាយពន្ធទាំងនេះដោយខ្លួនឯង ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានសម្រេចរុញបន្ទុកនេះទៅលើអ្នកផ្សព្វផ្សាយពាណិជ្ជកម្មវិញ ដើម្បីឱ្យស្របទៅតាមស្តង់ដារឧស្សាហកម្មបច្ចេកវិទ្យា ដូចដែលក្រុមហ៊ុន Google និង Amazon បានធ្វើរួចមកហើយ។
ក្រុមហ៊ុនបានពន្យល់ថា ការគិតកម្រៃនេះគឺផ្អែកលើ «ទីតាំងរបស់អ្នកទស្សនាពាណិជ្ជកម្ម» ជាជាងទីតាំងចុះបញ្ជីរបស់ក្រុមហ៊ុនអ្នកផ្សព្វផ្សាយ។ ឧទាហរណ៍៖ ប្រសិនបើអ្នកផ្សព្វផ្សាយចំណាយ ១០០ដុល្លារ ដើម្បីបង្ហាញពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់ក្នុងប្រទេសអ៊ីតាលី ពួកគេនឹងត្រូវបង់ប្រាក់សរុប ១០៣ដុល្លារ (ក្នុងនោះ ៣ដុល្លារ ជាកម្រៃសេវាតាមទីតាំង) ហើយពន្ធលើតម្លៃបន្ថែម (VAT) ក៏នឹងត្រូវគិតបញ្ចូលបន្ថែមពីលើចំនួនសរុបនេះផងដែរ។
ការដាក់ចេញនូវពន្ធឌីជីថលពីសំណាក់បណ្តាប្រទេសអឺរ៉ុប បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងរងការរិះគន់ពីសំណាក់រដ្ឋបាលសហរដ្ឋអាមេរិក ដោយចាត់ទុកថាជាការរើសអើងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសអឺរ៉ុបទាំងនោះអះអាងថា វាគឺជាយន្តការមួយដើម្បីធានាថា ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសដែលរកចំណូលបានមហាសាលក្នុងស្រុក ត្រូវតែបង់ពន្ធឱ្យបានត្រឹមត្រូវដល់រដ្ឋ។
តើអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាប៉ះពាល់ដែរឬទេ? ប៉ះពាល់ លុះត្រាតែអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា កំណត់គោលដៅ (Targeting) បង្ហាញពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់ដែលរស់នៅក្នុងប្រទេសទាំង ៦ ដូចជា អង់គ្លេស, បារាំង, អ៊ីតាលី, អេស្ប៉ាញ, អូទ្រីស និងតួកគី៕





