កីឡាករ ១០រូប មកពីក្លិបរបស់ប្រទេសហ្សាម៉ាអ៉ីក ត្រូវបានបដិសេធមិនឱ្យចូលសហរដ្ឋអាមេរិក

11-03-2026 10:51

(បរទេស)៖ កីឡាករបាល់ទាត់ ១០នាក់នៃក្លិប Mount Pleasant ប្រទេសហ្សាម៉ាអ៉ីក (ចាម៉ៃកា) ត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការ (visa) ដើម្បីចូលទឹកដីសហរដ្ឋអាមេរិកឡើយ ក្នុងការប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងជើង Concacaf Champions Cup ទល់នឹង LA Galaxy កាលពីថ្ងៃពុធ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Mount Pleasant គឺជាម្ចាស់ជើងឯក Concacaf Caribbean Cup កាលពីឆ្នាំ២០២៥ ដែលត្រូវលេងទល់នឹងម្ចាស់ផ្ទះ Galaxy នៅឯកីឡដ្ឋាន Dignity Health Sports Park ស្ថិតក្នុងរដ្ឋ California។

ទោះជាយ៉ាងណា ដើម្បីបង្រ្គប់កីឡាករលេង ក្លិបរបស់ហ្សាម៉ាអ៉ីកខាងលើនេះបានបង្ខំចិត្តកោះហៅកីឡាករយុវជន ថ្នាលរបស់ពួកគេ ដោយ Mount Pleasant ក៏មានកីឡាករ ៧នាក់មកពីប្រទេសដែនកោះ ហៃទីទៀតផង។

លោក Paul Christie នាយកកីឡារបស់ Mount Pleasant បានថ្លែងប្រាប់វេបសាយ Jamaica Observer ថា «ពួកយើងមិនចង់បានការប្រកួតបែបនេះទេ ពោលគឺចង់ប្រកួតដោយស្មើភាពគ្នា ក៏ប៉ុន្តែពេលនេះ ពួកយើងគ្មានសមត្ថភាព និងឱកាស ដើម្បីធ្វើឱ្យល្អបំផុតនោះទេ»

ការដាក់បម្រាមសាសន៍ដទៃចូលទឹកដីសហរដ្ឋអាមេរិក ត្រូវបានប្រកាសដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ មក ដោយក្នុងនោះក៏មានប្រជាជនហៃទីផងដែរ៕