ក្រុមហ៊ុនមេធាវី ជ័ន & ជ័ន ភ្នំពេញ អំពាវនាវឱ្យម្ចាស់ទំព័រគណនីផេកហ្វេសប៊ុក ដែលមានឈ្មោះពាក់ព័ន្ធនឹងម៉ាក «ROEWE» ឬឈ្មោះប្រហាក់ប្រហែល បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់
11-03-2026 11:12
(ភ្នំពេញ)៖ ក្រុមហ៊ុនមេធាវី ជ័ន & ជ័ន ភ្នំពេញ បានបញ្ជាក់ថា នាពេលថ្មីៗនេះ កូនក្ដីយើងខ្ញុំបានសង្កេតឃើញថា មានទំព័រគណនីផេកហ្វេសប៊ុក (Facebook Page) មួយចំនួន បានផ្សព្វផ្សាយអំពីការនាំចូល និងលក់រថយន្តម៉ាក «ROEWE» ក្នុងរូបភាពជាក្រុមហ៊ុន «ROEWE» ផ្ទាល់ ដោយបានលើកស្លាកយីហោម៉ាក «ROEWE» ព្រមទាំង បានបង្កើតទំព័រគណនីផេកហ្វេសប៊ុក (Facebook Page) មានឈ្មោះ «ROEWE» ជាដើម។
បន្ថែមពីនេះ ក៏មានទំព័រគណនីផេកហ្វេសប៊ុក (Facebook Page) មួយចំនួនទៀត បានផ្សព្វផ្សាយថា រថយន្តម៉ាក «MG» និងរថយន្ត ម៉ាក «ROEWE» គឺជាប្រភេទម៉ូដែលតែមួយ។
ដូច្នេះ ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំដោយសារសកម្មភាព និងការផ្សព្វផ្សាយខាងលើ និងដើម្បីការពារកុំឱ្យប៉ះពាល់សិទ្ធិនានា ជាពិសេស ការរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ម៉ាក យើងខ្ញុំសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចខាងក្រោម៖
ក្រុមហ៊ុន SAIC MOTOR CORPORATION LIMITED ជាម្ចាស់កម្មសិទ្ធិតែមួយគត់លើរថយន្ត ម៉ាក «ROEWE» ដែលបានផលិត និងចែកចាយ តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន មិនមានភ្នាក់ងារ ឬចុះកិច្ចសន្យាជាមួយអ្នកទទួលសិទ្ធិចែកចាយណាមួយ ដើម្បីនាំចេញ រថយន្តម៉ាក «ROEWE» ពីប្រទេសចិន ទៅចែកចាយ និងលក់នៅទីផ្សារប្រទេសផ្សេងទៀតនោះទេ រួម ទាំងប្រទេសកម្ពុជាផងដែរ។ ហេតុដូចនេះ មិនមានក្រុមហ៊ុន ឬបុគ្គលណាមួយ មានសិទ្ធិដំឡើង/លើក ស្លាកយីហោម៉ាក «ROEWE» និងបង្កើតទំព័រគណនីផេកហ្វេសប៊ុក (Facebook Page) មានឈ្មោះ «ROEWE» នៅក្នុងប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាត ឬផ្តល់សិទ្ធិពីក្រុមហ៊ុនម្ចាស់សិទ្ធិនោះទេ។
ក្រុមហ៊ុន T F MOTORS (CAMBODIA) CO., LTD គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិផ្តាច់ មុខក្នុងការនាំចូល និងចែកចាយបន្តនូវរថយន្តម៉ាក «MG» នៅក្នុងប្រទេសកម្ពុជា ដោយត្រឹមត្រូវ និង ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
កន្លងមក មានការផ្សព្វផ្សាយដោយភាន់ច្រឡំថា រថយន្តម៉ាក «MG» និងរថយន្តម៉ាក «ROEWE» គឺ ជាប្រភេទរថយន្តតែមួយ ដែលការផ្សព្វផ្សាយនោះបានបញ្ជាក់ថា រថយន្តម៉ាក «ROEWE» នៅក្នុងប្រទេសចិន គឺមានឈ្មោះ «ROEWE» ប៉ុន្តែនៅពេលនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា រថយន្តម៉ាក «ROEWE» នឹងប្រែឈ្មោះទៅជារថយន្តម៉ាក «MG» វិញ។ ត្រង់ចំណុចនេះ យើងខ្ញុំសូមបញ្ជាក់ឱ្យ បានច្បាស់ថា ម៉ាករថយន្តទាំងពីរនេះ គឺមិនមែនស្ថិតនៅក្នុងប្រភេទតែមួយដូចការផ្សព្វផ្សាយកន្លង មកនោះទេ ដោយហេតុថា ដំណើរការនៃការផលិត បច្ចេកទេសនៃការផលិត ការបំពាក់បច្ចេកវិទ្យា ការបំពាក់គ្រឿងបរិក្ខារខាងក្នុង/ក្រៅ និងការរចនាផ្សេងៗ គឺមានភាពខុសគ្នាទាំងស្រុង ទោះបីម៉ាករថយន្ត ទាំងពីរនេះ ស្ថិតនៅក្រោមការផលិត គ្រប់គ្រង និងសិទ្ធិលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន SAIC MOTOR CORPORATION LIMITED តែមួយក៏ដោយ។
ហេតុដូច្នេះ សូមសាធារណជន និងអតិថិជនទាំងអស់ ដែលគាំទ្ររថយន្តម៉ាក «MG» និងរថយន្តម៉ាក «ROEWE» កុំមានការភាន់ច្រឡំ ដូចការផ្សព្វផ្សាយខាងលើ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមឱ្យម្ចាស់ទំព័រគណនីផេកហ្វេសប៊ុក (Facebook Page) ដែលមានឈ្មោះពាក់ព័ន្ធ នឹងម៉ាក «ROEWE» ឬឈ្មោះប្រហាក់ប្រហែលទាំងអស់ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ទាក់ទងនឹងការផ្សព្វផ្សាយលក់ ក្នុងន័យបំភាន់សាធារណជន ថាខ្លួនជាអ្នកមានសិទ្ធិនាំចូលមកលក់ និងចែកចាយនៅប្រទេសក្នុងកម្ពុជា ជាពិសេសការលើកស្លាកយីហោម៉ាក «ROEWE»។ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងចាត់ការទៅតាមនីតិវិធី ច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនមេធាវី ជ័ន & ជ័ន ភ្នំពេញ៖





