Bayern បំបាក់ម្ចាស់ផ្ទះ Atalanta ៦-១ ជើងទី១ UCL ខណៈតារាជើងស៊ុត Kane មិនត្រូវបានប្រើ
11-03-2026 11:33
(បរទេស)៖ ក្រុមជើងឯកលីគមកពីអាល្លឺម៉ង់ Bayern Munich បានយកឈ្នះម្ចាស់ផ្ទះ Atalanta របស់អ៉ីតាលីយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-១ នៃជើងទី១ វគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26 ស្របពេលខ្សែប្រយុទ្ធស្នូល Harry Kane មិនត្រូវបានដាក់ឱ្យចូលលេងឡើយ។
ប្រធានក្រុមអង់គ្លេស Kane មានឈ្មោះក្នុងបញ្ជីបម្រុងរបស់ក្រុមខ្លារខិន ក៏ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិប៊ែលហ្សិក លោក Vincent Kompany មិនបានដាក់ចូលលេងនោះទេ ដ្បិតទើបជាសះស្បើយពីរបួសក្រលៀនក្តី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅក្នុងការប្រកួតទល់នឹងក្រុមរបស់អ៉ីតាលី Atalanta ដែលបានឡើងមកដល់វគ្គ ១៦ក្រុមតែម្នាក់ឯងនេះដែរ Bayern បានបើកការនាំមុខដល់ទៅ ៣គ្រាប់ក្នុងរយៈពេលតែ ២៥នាទីប៉ុណ្ណោះ ដោយក្នុងនោះដែរក៏មាន ១គ្រាប់របស់ខ្សែប្រយុទ្ធ Michael Olise ផងដែរ នៅឯកីឡដ្ឋាន New Balance Arena នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ២ម៉ឺននាក់។
តាមរយៈជ័យជម្នះដ៏គាប់ប្រសើរនេះដែរ បានញាំងឱ្យ Bayern Munich បន្តកំណត់ត្រាលេងមិនចាញ់ក្រៅដីដល់ទៅ ៩ប្រកួត និងស្ថិតក្នុងទីតាំងល្អប្រសើរផងដែរ ក្នុងការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ UCL មុនពេលលេងបញ្ចប់ជើងទី២ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich៕



