Microsoft ចេញមុខគាំទ្រក្រុមហ៊ុន Anthropic ក្នុងបណ្តឹងប្រឆាំងនឹងក្រសួងការពារជាតិអាមេរិក
11-03-2026 13:04
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានដាក់ញត្តិគាំទ្រដល់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត Anthropic ក្នុងបណ្តឹងប្រឆាំងនឹងក្រសួងការពារជាតិអាមេរិក (Pentagon) បន្ទាប់ពីស្ថាប័នយោធាកំពូលមួយនេះ បានសម្រេចដាក់បញ្ចូល Anthropic ទៅក្នុង «បញ្ជីខ្មៅ» ដែលបង្កហានិភ័យដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជាតិ។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើតកម្មវិធី Claude AI បានដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីស្នើសុំឱ្យតុលាការរារាំងការសម្រេចចិត្តរបស់ Pentagon ដែលបានចាត់ទុកក្រុមហ៊ុនខ្លួនថាជា «ហានិភ័យសន្តិសុខជាតិ»។ ការចាត់ថ្នាក់នេះ បានធ្វើឱ្យក្រុមហ៊ុន Anthropic មិនអាចទទួលបានកិច្ចសន្យាយោធា និងតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់នានារបស់ Pentagon បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនភ្លាមៗ។
នៅក្នុងញត្តិគាំទ្រដែលបានដាក់ជូនតុលាការកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Microsoft បានលើកឡើងថា ការសម្រេចចិត្តរបស់ Pentagon នឹងបង្កឱ្យមាន «ការរំខានយ៉ាងធ្ងន់ធ្ងរ និងមានតម្លៃថ្លៃ» ដល់ប្រព័ន្ធការពារជាតិអាមេរិកទាំងមូល។ Microsoft បានបញ្ជាក់ថា ខ្លួនក៏រងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ដោយសារក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារក្នុងក្រុមហ៊ុន Anthropic ហើយបច្ចេកវិទ្យារបស់ Anthropic ក៏កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសេវាកម្ម Cloud របស់ខ្លួន។
Microsoft បានបន្តវែកញែកថា ការដាក់បញ្ជីខ្មៅនេះធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងជាការឆ្លើយតបដែលមិនធ្លាប់មានពីមុនមកចំពោះជម្លោះកិច្ចសន្យា។ វាអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់យោធាអាមេរិក ដែលកំពុងប្រើប្រាស់ AI កម្រិតខ្ពស់សម្រាប់កិច្ចការងារសំខាន់ៗ ហើយវាបង្កហានិភ័យដល់ប្រព័ន្ធអេកូឡូស៊ី AI ទាំងមូលរបស់សហរដ្ឋអាមេរិក ក្នុងខណៈពេលដែលប្រទេសកំពុងប្រកួតប្រជែងនាំមុខលើវិស័យបច្ចេកវិទ្យានេះ។
ជម្លោះនេះបានកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នាលើ «លក្ខខណ្ឌនៃការប្រើប្រាស់បច្ចេកវិទ្យា» ដែល Anthropic ចង់ឱ្យមានការធានាថា AI របស់ខ្លួននឹងមិនត្រូវបានយកទៅប្រើប្រាស់ក្នុងអាវុធស្វ័យប្រវត្តិ (Autonomous Weapons) ឬការតាមដានមនុស្សទ្រង់ទ្រាយធំនោះទេ។ បន្ទាប់ពីការចរចាបរាជ័យ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យគ្រប់ភ្នាក់ងារសហព័ន្ធបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យារបស់ Anthropic ភ្លាមៗ៕





