មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ និងមន្ទីរពេទ្យអន្តរជាតិខេមា ចុះអនុស្សរណៈយោគយល់ ដើម្បីពង្រឹងសេវាសុខាភិបាល និងជំរុញទេសចរណ៍វេជ្ជសាស្ត្រ និងទន្តសាស្ត្រ នៅកម្ពុជា
11-03-2026 13:29
(ភ្នំពេញ)៖ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ និងមន្ទីរពេទ្យអន្តរជាតិខេមា ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាវេជ្ជសាស្ត្រ និងសេវាទន្តសាស្ត្រដែលមានគុណភាពខ្ពស់ ព្រមទាំងជំរុញប្រទេសកម្ពុជា ឱ្យក្លាយជាគោលដៅកំពុងរីកចម្រើនសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រ និងទេសចរណ៍ទន្តសាស្ត្រ។
តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរនឹងពង្រឹងការសហការរវាងវេជ្ជបណ្ឌិត និងទន្តបណ្ឌិតឯកទេស កែលម្អប្រព័ន្ធបញ្ជូនអ្នកជំងឺ និងផ្តល់សេវាព្យាបាលដែលមានការសម្របសម្រួលគ្នាកាន់តែប្រសើរ សម្រាប់ករណីជំងឺដែលមានភាពស្មុគស្មាញ ជូនអ្នកជំងឺទាំងក្នុងស្រុក និងអន្តរជាតិ។
កិច្ចសហការនេះ ក៏មានគោលបំណងពង្រឹងវេទិកាវេជ្ជសាស្ត្រ ពង្រីកសេវាព្យាបាលតាមឯកទេស និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធានាថា អ្នកជំងឺទទួលបាន ការវិនិច្ឆ័យត្រឹមត្រូវ ការព្យាបាលត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ សម្រាប់អ្នកជំងឺត្រឹមត្រូវ។ តាមរយៈការផ្តល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ កិច្ចសហការនេះមានគោលបំណងបង្កើនការជឿទុកចិត្តលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងលើកទឹកចិត្តឱ្យអ្នកជំងឺកាន់តែច្រើន មកទទួលការព្យាបាលនៅក្នុងប្រទេស។
ទន្តបណ្ឌិត ទិត ហុងយឺ ស្ថាបនិក និងជានាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា កិច្ចសហការនេះបង្ហាញពីចក្ខុវិស័យរួមក្នុងការលើកកម្ពស់ស្តង់ដារសេវាសុខាភិបាលនៅកម្ពុជា។
លោក បានលើកឡើងថា «តាមរយៈការសហការជាមួយមន្ទីរពេទ្យអន្តរជាតិ ខេមា យើងមានគោលបំណងបញ្ចូលជំនាញផ្នែកវេជ្ជសាស្ត្រ និងទន្តសាស្ត្ររួមគ្នា ដើម្បីផ្តល់សេវាព្យាបាលដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជូនអ្នកជំងឺ ខណៈពេលដែលជួយពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាគោលដៅដែលអាចទុកចិត្តបានសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រ និងទេសចរណ៍ទន្តសាស្ត្រ»។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សោម លក្ខិណា ស្ថាបនិកមន្ទីរពេទ្យអន្តរជាតិខេមា បានបញ្ជាក់ថា កិច្ចសហការរវាងស្ថាប័នសុខាភិបាលគឺជាកត្តាសំខាន់ក្នុងការកែលម្អគុណភាពសេវាព្យាបាល និងគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យសុខាភិបាលនៅកម្ពុជា។
កិច្ចសហការយុទ្ធសាស្ត្រនេះ បង្ហាញពីការប្តេជ្ញារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការច្នៃប្រឌិត សេវាសុខាភិបាលដែលមានគុណភាព និងការអភិវឌ្ឍវិស័យទេសចរណ៍វេជ្ជសាស្ត្រ និងទន្តសាស្ត្រនៅកម្ពុជា៕












