ព្រះខ័នរាជ ត្រៀមខ្លួនជាស្រេច ដើម្បីតតាំងការសម្រុកដ៏ខ្លាំងរបស់ភ្នំពេញក្រោន ក្នុងជំនួបកាត់ក្ដីពានទី៣ អាស៊ីស្អែក
11-03-2026 13:31
(ភ្នំពេញ)៖ ជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 រវាងក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងមកដល់នារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្របពេលគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ លោក McConkey Matthew បានត្រៀមផែនការរួចរាល់ ដើម្បីតតាំងជាមួយការសម្រុកដ៏ខ្លាំងរបស់គូប្រជែង ក្នុងជំនួបកាត់សេចក្ដីនេះ។
បន្ទាប់ពីយកឈ្នះ ៤-១ ក្រៅដីកាលពីជើងទី១ លោក Matthew ជឿជាក់ថា ភ្នំពេញក្រោន នឹងព្យាយាមលេងវាយសម្រុកខ្លាំងនៅថ្ងៃស្អែក។ បែបនេះជស្វាយរៀង បានត្រៀមខ្លួនជាស្រេច ដើម្បីលេងទល់នឹងការវាយបកដ៏ខ្លាំងនេះ តែមិនមែនជាការការពារនោះទេ ប៉ុន្ដែជាការរក្សានូវទម្រង់លេងសម្រុកដ៏ខ្លាំងដូចគ្នា ហើយបើមានឱកាសក្រុមខ្លួននឹងស្វែងរកគ្រាប់បាល់តាមដែលអាចធ្វើបាន ដើម្បីរក្សានូវជ័យជម្នះ និងឡើងទៅវគ្គបន្ដ។
គ្រូបង្វឹកក្រុមជើងឯកលីគដដែលបន្ដទៀតថា ពាក់ព័ន្ធនឹងបរាជ័យ ២ប្រកួតកន្លងមក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងត្រូវបានជជែកលើបណ្ដាញសង្គម រួមមានវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំមុន និងជំនួបជើងទី១ ក្នុងលីគរដូវកាលនេះ គឺជាការប្រកួតផ្សេងៗគ្នា ហើយក្រុមនីមួយៗក៏កំពុងធ្វើបានល្អ តែលោកនៅតែជឿជាក់លើកូនក្រុមរបស់ខ្លួន ដើម្បីសម្រេចគោលដៅឡើងទៅវគ្គបន្ដនៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ។
ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន នៅតែជឿជាក់លើការតាំងចិត្ត និងឆន្ទៈរបស់កូនក្រុម សម្រាប់ការប្រកួត ៩០នាទីចុងក្រោយ ទោះបីក្រុមសល់ក្ដីសង្ឃឹមកម្រិតណាក្ដី គឺលោករំពឹងពួកគេនឹងរក្សាការខំប្រឹង ដើម្បីប្រជែងកៅអីវគ្គបន្ដ។ ចំពោះកូតាកីឡាករបរទេសលើទីលាន ទោះលោកមិនបានឆ្លើយចំៗ ទៅនឹងការផ្ដោតលើកីឡាករបរទេស ដូចកាលជើងទី១ តែលោកបង្ហើបថា អ្វីៗអាចនឹងមានការផ្លាស់ប្ដូរ ដើម្បីត្រៀមការប្រកួតដ៏មមាញឹករបស់ក្រុមខ្លួន។
គួរដឹងថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះភ្នំពេញក្រោនរហូតដល់ ៤-១ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នៅចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់។ សម្រាប់ជំនួបជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយស្អែកនេះ គេក៏រំពឹងមានអ្នកគាំទ្រដ៏ច្រើនផងដែរ ដ្បិតក្រុមទាំងពរ កំពុងពង្រឹង និងត្រៀមខ្លួនខ្លាំងដូចគ្នា ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025/26 រួមទាំងព្រះខ័នរាជស្វាយរៀងផងដែរ ទោះបីពួកគេមានគ្រាប់បាល់ចំណេញ ៣គ្រាប់ក្នុងដៃក៏ដោយ៕







