UEFA ព្រួយបារម្ភពីច្បាប់ចាយវាយថ្មីរបស់ Premier League ដែលចាប់អនុវត្តន៍ពីរដូវកាលក្រោយ

11-03-2026 16:44

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញកង្វល់ជាខ្លាំង ចំពោះផលប៉ះពាល់ពីច្បាប់ហិរញ្ញវត្ថុថ្មីនៃ Premier League ដែលនឹងចាប់ផ្តើមអនុវត្តន៍នារដូវកាលក្រោយតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បណ្តាក្រុមលេងនៅលីគកំពូលអង់គ្លេសទាំង២០ បានបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ អំពីការធ្វើវិសោធនកម្ម ចំពោះច្បាប់ថ្មីរបស់ពួកគេ squad cost ratio (SCR) ដោយផ្តើមអនុវត្តន៍ចាប់ពីរដូវកាលក្រោយតទៅ។

ចំពោះច្បាប់ថ្មីនេះដែរ នឹងអនុញ្ញាតឱ្យពួកគេអាចចាយវាយបានដល់ ៨៥% ទៅលើកីឡាករនៃចំណូលសរុបរបស់ពួកគេ ដែលអាចបង្កជាភាពស្មុគស្មាញផងដែរ ចំពោះការចំណាយដែលអាចឡើងដល់ ១១៥% ទៀតផង។

កត្តាទាំងនេះ វាអាចជះឥទ្ធិពលមិនល្អដល់ប្រព័ន្ធច្បាប់របស់ UEFA បច្ចុប្បន្ន ដែលកំណត់ការចាយវាយត្រឹមតែ ៧០% ប៉ុណ្ណោះពីចំណូលសរុបរបស់ពួកគេ ដែលមានវត្តមាននៅកម្មវិធី Champions League, Europa League និង Conference League ជាដាច់ខាត។

ជាការកត់សម្គាល់ផងដែរ អង់គ្លេសមានដល់ទៅ ៩ក្លិបឯណោះ បានបង្ហាញខ្លួននៅពានអឺរ៉ុបទាំង៣ ខាងលើនារដូវកាល ២០២៥-២៦ និងមានដល់ទៅ ៦ក្លិបឯណោះបានឈានដល់វគ្គ ១៦ក្រុម UCL ស្របពេលលីគដទៃមានដូចជា អេស្ប៉ាញមាន ៦ក្រុម អាល្លឺម៉ង់ ៥ក្រុម និងបារាំង និងអ៉ីតាលី មាន ៤ក្រុមដូចគ្នា លេងពានអឺរ៉ុបរដូវកាលនេះ៕