ACGL៖ តើភ្នំពេញក្រោន អាចវាយបកឈ្នះព្រះខ័នរាជបានទេ ដ្បិតចាញ់ប្រៀប ៣គ្រាប់ពីជើងទី១?

12-03-2026 08:27

(ភ្នំពេញ)៖ ជំនួបកាត់សេចក្ដី រវាងក្រុមខ្លាំងកម្ពុជាទាំងពីរ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ក្នុងយុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 នឹងមកដល់នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចាំមើលតើភ្នំពេញក្រោន អាចវាយបកឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីមានឱកាសឡើងវគ្គបន្ដបានទេ បន្ទាប់ពីរងបរាជ័យ ៤-១ កាលពីជើងទី១ នៅស្ដាតអូឡាំពិក?

ការចាញ់ប្រៀប ៣គ្រាប់ គឺជាឧបសគ្គដ៏ធំសម្រាប់ភ្នំពេញក្រោន ក្នុងការវាយបក ដ្បិតក្រៅពីលេងដើម្បីឈ្នះ ពួកគេក៏ត្រូវការគ្រាប់បាល់យ៉ាងហោច ៤គ្រាប់ ដើម្បីមានឱកាសឡើងវគ្គបន្ដ ឬយ៉ាងហោច ៣គ្រាប់ ដើម្បីឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ឬការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ទាំងអស់នេះ សុទ្ធតែស្ថិតក្នុងផែនការគ្រូ ក៏ដូចជាកីឡាករ ដែលកំពុងរួមឆន្ទៈគ្នាតែមួយ ត្រៀមជំនួបជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយនារាត្រីថ្ងៃព្រហស្បតិ៍នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា «ទោះបីសល់ឱកាសត្រឹម ១ភាគរយ ក៏ពួកយើងនៅតែខំប្រឹង និងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ ហើយយើងក៏ត្រូវការសំណាងខ្លះដែរ តែមិនមែនពឹងលើសំណាងច្រើនពេកនោះទេ»។ ជាមួយការប្រកួតលើទីលានដ៏ស្រស់ស្អាតយប់នេះ លោករំពឹងថា នឹងក្លាយជាកម្លាំងចិត្តបន្ថែម សម្រាប់ក្រុមក្នុងការបង្ហាញនូវឆន្ទៈ និងទម្រង់លេងកាន់តែល្អ។

ដោយឡែកលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ជឿជាក់យ៉ាងមុតមាំថា ភ្នំពេញក្រោននឹងធ្វើអ្វីគ្រប់យ៉ាងក្នុងការប្រកួតនេះ តាំងពីវិនាទីដំបូង រហូតដល់ចប់ការប្រកួត។ បែបនេះក្ដី ព្រះខ័នរាជស្វាយរៀង ក៏បានត្រៀមផែនការជាស្រេច សម្រាប់ការប្រកួតនេះ។ លោកថា រាល់ការប្រកួតជាមួយភ្នំពេញក្រោន គឺមិនងាយស្រួលនោះទេ ប៉ុន្ដែក្រុមទាំងមូល នឹងធ្វើគ្រប់យ៉ាងដូចគ្នា ដើម្បីឈ្នះការប្រកួត និងបានឡើងទៅលេងវគ្កបន្ដក្នុងពានរង្វាន់អន្ដរជាតិនេះ។

គួរដឹងថា ក្រោយពីយកឈ្នះក្រៅដី ៤-១ ព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើ ឬចាញ់តិចជាង ២គ្រាប់ ពួកគេនឹងទទួលបានកៅអីវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2025/26។ ចំណែកភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ដោយពួកគេត្រូវការឈ្នះច្រើនគ្រាប់ យ៉ាងហោចលើសពី ៣គ្រាប់ ដើម្បីមានឱកាសឡើងវគ្គបន្ដ? ដូច្នេះចាំមើលតើរវាងក្រុមខ្លាំងកម្ពុជាទាំងពីរ ព្រះខ័នរាជស្វាយរៀង ឬភ្នំពេញក្រោន នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនារាត្រីនេះ?