Google ចាយលុយ ៣២ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនអ៉ីស្រាអែល Wiz ដើម្បីក្លាយជាស្តេចត្រាញ់ផ្នែកប្រព័ន្ធសុវត្ថិភាព Cloud
12-03-2026 09:20
(បរទេស)៖ ក្រុមហ៊ុនអាមេរិក Google បានសម្រេចជាស្ថាពរក្នុងការទិញយកក្រុមហ៊ុនសន្តិសុខសាយប័រ (Cybersecurity) ដ៏ល្បីល្បាញរបស់អ៉ីស្រាអែលគឺ Wiz ក្នុងតម្លៃជាទឹកប្រាក់ចំនួន ៣២ពាន់លានដុល្លារ។ នេះគឺជាការវិនិយោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ Google ដើម្បីពង្រឹងសមត្ថភាពផ្នែក Cloud Computing និងប្រព័ន្ធសុវត្ថិភាពឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មានបច្ចេកវិទ្យា TechCrunch.
ការទិញយក Wiz នឹងជួយឱ្យ Google Cloud អាចប្រកួតប្រជែងកាន់តែខ្លាំងជាមួយ Microsoft Azure និង Amazon Web Services (AWS) តាមរយៈការផ្តល់ជូននូវប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ទិន្នន័យលើក្លោដ (Cloud)។ ក្រុមហ៊ុន Wiz ត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការស្កេន និងស្វែងរកចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពនៅលើ Cloud ក្នុងល្បឿនដ៏លឿន ដែលជួយការពារក្រុមហ៊ុនធំៗពីការវាយប្រហារសាយប័រ។ ទោះបីជាមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីស្ថាប័នប្រឆាំងការផ្តាច់មុខ (Antitrust) ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះបានឈានដល់ការបញ្ចប់ បន្ទាប់ពីមានការចរចា និងការបំពេញលក្ខខណ្ឌផ្លូវច្បាប់ជាច្រើនខែ។
គួរជម្រាបថា ការសម្រេចចិត្តរបស់ Google ក្នុងពេលនេះ បង្ហាញពីសារៈសំខាន់នៃ «សន្តិសុខសាយប័រ» នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។ នៅពេលដែលក្រុមហ៊ុននានាផ្លាស់ប្តូរទិន្នន័យទៅលើ Cloud កាន់តែច្រើន តម្រូវការការពារសុវត្ថិភាពក៏កាន់តែខ្ពស់ ដែលធ្វើឱ្យ Wiz ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រព័ន្ធអេកូឡូស៊ីរបស់ Google៕









