មិននឹកស្មាន! ទាំង ៦ក្លិបរបស់អង់គ្លេស សុទ្ធតែធ្វើមិនបានល្អ នៅថ្ងៃបើកឆាកជើងទី១ UCL វគ្គ ១៦ក្រុម

12-03-2026 10:03

(បរទេស)៖ ៤ក្រុមរបស់អង់គ្លេស សុទ្ធតែរងបរាជ័យនៅថ្ងៃបើកឆាកជើងទី១ នៃវគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26 លើកលែងតែ Arsenal និង Newcastle United ដែលទប់បានស្មើ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

៣ប្រកួតកាលពីរាត្រីថ្ងៃអង្គារឆ្លងចូលព្រឹកថ្ងៃពុធ (ម៉ោងនៅកម្ពុជា) Liverpool បានចាញ់ម្ចាស់ផ្ទះ Galatasaray ១-០ ស្របពេល Tottenham Hotspur ក៏បានបរាជ័យក្នុងផ្ទះ Atletico Madrid ៥-២ ទៀតផង នៅពេលសារិកាព្រៃ Newcastle បានរបូតចុងម៉ោង បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹង FC Barcelona។

ចំណែកឯ ៣ប្រកួតនាយប់មិញនេះ ដើម្បីបញ្ចប់ជើងទី១ នៃវគ្គ ១៦ក្រុម UCL ក៏មាន ៣ក្រុមរបស់អង់គ្លេសបន្ថែមទៀត ពោលគឺតោខៀវ Chelsea បានរងបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ការពារតំណែងជើងឯក Paris Saint Germain ៥-២ នៅពេល Manchester City បរាជ័យក្នុងផ្ទះ Real Madrid ៣ទល់នឹង០ ហើយ Arsenal វិញលេងស្មើ ១-១ ទល់នឹង Bayer Leverkusen។

ទោះជាយ៉ាងណា Arsenal ដែលរក្សាកំណត់ត្រាលេងមិនទាន់ចាញ់នៅ UCL រដូវកាលនេះ ជាក្រុមតែមួយគត់ដែលមានភាគរយខ្ពស់ ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ៨ក្រុម មុនពេលបញ្ចប់ជើងទី២ នៅកីឡដ្ឋាន Emirates របស់ខ្លួននាសប្តាហ៍ក្រោយ គ្រាដែលហង្សក្រហម ជាក្រុមបន្ទាប់របស់អង់គ្លេស ដែលត្រូវការតែ ១គ្រាប់នៃជើងទី២ ក្នុងដីរបស់ខ្លួន ដើម្បីមានសិទ្ធិចរចាជាមួយ Galatasaray មកពីតួកគី៕