ចក្រភពអង់គ្លេសជំរុញឱ្យ Meta, TikTok, Snap និង YouTube រឹតបន្តឹងការចូលប្រើរបស់កុមារ បើមិនចង់រងការផាកពិន័យមហាសាល
12-03-2026 10:38
(បរទេស)៖ ស្ថាប័នត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងឯកជនភាពរបស់ចក្រភពអង់គ្លេស (Ofcom និង ICO) បានដាក់បញ្ជាដាច់ខាតឱ្យក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សដូចជា Meta, TikTok, Snap និង YouTube បង្កើនវិធានការរឹតបន្តឹងការត្រួតពិនិត្យអាយុប្រើប្រាស់។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនទាំងនោះបរាជ័យក្នុងការអនុវត្តច្បាប់អាយុអប្បបរមារបស់ខ្លួន ដែលបណ្ដោយឱ្យកុមារងាយនឹងប្រឈមមុខនឹងមាតិកាដែលបង្កគ្រោះថ្នាក់ ឬមាតិកាដែលធ្វើឱ្យជក់ចិត្តដកឃ្លាមិនរួច។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោកស្រី Melanie Dawes នាយកប្រតិបត្តិនៃ Ofcom បានសង្កត់ធ្ងន់ដោយភាពម៉ឺងម៉ាត់ថា៖ «សេវាកម្មអនឡាញទាំងនេះ សុទ្ធតែជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ប៉ុន្តែពួកគេកំពុងបរាជ័យក្នុងការដាក់សុវត្ថិភាពកុមារជាបេះដូងនៃផលិតផលរបស់ពួកគេ។ រឿងនេះត្រូវតែផ្លាស់ប្តូរឱ្យបានឆាប់ បើមិនដូច្នេះទេ Ofcom នឹងចាត់វិធានការ»។ ការប្រកាសនេះស្របពេលដែលរដ្ឋាភិបាលអង់គ្លេស កំពុងពិចារណាហាមឃាត់ក្មេងអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គមតែម្ដង ដូចទៅនឹងវិធានការដែលប្រទេសអូស្ត្រាលីបានអនុវត្តនាពេលថ្មីៗនេះ។
បន្ថែមពីលើការរឹតបន្តឹងការចូលប្រើប្រាស់ ស្ថាប័ន ICO ក៏បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាប្រើប្រាស់ឧបករណ៍បញ្ជាក់អាយុដែលទំនើបជាងមុន ដើម្បីការពារទិន្នន័យ និងសុវត្ថិភាពកុមារអាយុក្រោម ១៣ ឆ្នាំ។ លោក Paul Arnold នាយកប្រតិបត្តិនៃ ICO បានលើកឡើងចំៗថា៖ «បច្ចុប្បន្នមានបច្ចេកវិទ្យាទំនើបនៅនឹងដៃស្រាប់ហើយ ដូច្នេះមិនមានលេសអ្វីទៀតទេ»។ គួរបញ្ជាក់ថា ក្រុមហ៊ុនណាដែលមិនអនុវត្តតាម អាចនឹងត្រូវប្រឈមនឹងការផាកពិន័យរាប់លានផោន ឬរហូតដល់ ១០ ភាគរយនៃចំណូលសរុបជាសកលរបស់ក្រុមហ៊ុន៕











