Cashway និង IG Anachak Tech សហការជំរុញការអភិវឌ្ឍផលិតផល និងដំណោះស្រាយធនាគារឌីជីថលនៅអាស៊ីអាគ្នេយ៍

12-03-2026 12:29

(ធានជីន-ចិន)៖ ក្រុមហ៊ុន Cashway Fintech Co., Ltd. និងក្រុមហ៊ុន IG Anachak Tech Pte. Ltd. នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីសហការពង្រីកទីផ្សារ និងអភិវឌ្ឍផលិតផល និងដំណោះស្រាយធនាគារឌីជីថលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ Cashway ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ និងជាក្រុមហ៊ុនផលិតឧបករណ៍ស្វ័យសេវាហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសចិន ដែលត្រូវបានដាក់ដំណើរការជាង ៣០០ ០០០គ្រឿង នៅទូទាំងពិភពលោក នឹងចាប់ដៃគូសហការជាមួយ IG Anachak Tech Tech ដែលជាក្រុមហ៊ុនឈានមុខក្នុងការអភិវឌ្ឍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដើម្បីពង្រីក និងអភិវឌ្ឍទីផ្សារនៅអាស៊ីអាគ្នេយ៍ ដោយផ្តោតជាបឋមលើទីផ្សារកម្ពុជា និងបន្តទៅទីផ្សារតំបន់មេគង្គជាបន្តបន្ទាប់។

កិច្ចសហការនេះផ្តោតលើសសរស្តម្ភចំនួន៣ ដែលនឹងត្រូវអនុវត្តតាមរយៈមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) នៅកម្ពុជាដែលនឹងក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់៖កិច្ចសហការពង្រីកទីផ្សារ និងអភិវឌ្ឍ៖ IG Anachak Tech នឹងដើរតួជាដៃគូប្រចាំតំបន់របស់ Cashway សម្រាប់ការផ្សព្វផ្សាយ និងចែកចាយផលិតផល និងដំណោះស្រាយរបស់ Cashway សម្រាប់ស្ថាប័នហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានជាអាទិ៍ ម៉ាស៊ីនប្រតិបត្តិការសេវាធនាគារឆ្លាតវៃ ប្រព័ន្ធរួមបញ្ចូលគ្នាសម្រាប់ការត្រួតពិនិត្យឧបករណ៍ពីចម្ងាយ ការគ្រប់គ្រងសាច់ប្រាក់ដោយស្វ័យប្រវត្តិ និងបរិវត្តកម្មឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យា cloud។

មជ្ឈមណ្ឌលសេវា ស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រចាំតំបន់៖ Cashway នឹងពង្រឹង និងពង្រីកសមត្ថភាព IG Anachak Tech ដើម្បីផ្តល់សេវាគាំពារក្រោយការលក់គ្រប់ជ្រុងជ្រោយ នៅទូទាំងតំបន់ ដែលរួមមានសេវាគាំពារបច្ចេកទេស សេវាថែទាំ កម្មវិធីបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា និងចូលរូមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីធានាបាននូវទំនុកចិត្ត និងការពេញចិត្តខ្ពស់ពីអតិថិជន។

មជ្ឈមណ្ឌលផលិតកម្មប្រចាំតំបន់ កិច្ចសហការនេះនឹងសិក្សាលទ្ធភាព បង្កើតទីតាំងដំឡើងឧបករណ៍នៅកម្ពុជា ដែលនឹងក្លាយជាមជ្ឈមណ្ឌលផលិតចែកចាយប្រចាំតំបន់។

លោក David Zhang អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Cashway មានប្រសាសន៍ថា៖ «អាស៊ីអាគ្នេយ៍គឺជាទីផ្សារអាទិភាពមួយរបស់យើង ដែលផ្តល់ឱកាសជាច្រើនសម្រាប់កំណើនអាជីវកម្មរបស់យើង។ កិច្ចសហការនេះគឺជាជំហានតាមផែនការពង្រីកវត្តមានរបស់យើងក្នុងតំបន់ និងផ្តល់នូវដំណោះស្រាយ និងឧបករណ៍សេវាធនាគារឆ្លាតវៃ ដល់ស្ថាប័ននានានៅក្នុងតំបន់។ កិច្ចសហការរបស់យើងជាមួយ IG Anachak Tech នឹងក្លាយជាកាតាលីកសម្រាប់ការផ្តល់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលប្រកដោយនវានុវត្តន៍ ដែលបង្កើតគុណតម្លៃជាក់ស្តែងសម្រាប់អតិថិជន តាមរយៈឧបករណ៍ឆ្លាតវៃ ថ្នាលឌីជីថល និងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព»។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IG Anachak Tech បានបន្ថែមថា៖ «តម្រូវការហេដ្ឋារចនាសម្ព័ន្ធធនាគារឆ្លាតវៃដែលអាចទុកចិត្តបាន នៅអាស៊ីអាគ្នេយ៍កំពុងកើនឡើង ហើយស្ថាប័នហិរញ្ញវត្ថុនានាបានត្រៀមខ្លួនសម្រាប់វិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាដែលផ្តល់ផលពិតជាក់ស្តែង។ ក្រុមហ៊ុនCashway មានបច្ចេកវិទ្យាវិសាលភាពផលិតកម្ម និងបទពិសោធន៍ពេញបរិបូរណ៍ ដើម្បីបំពេញតម្រូវការទាំងនោះ។ អ្វីដែលយើងផ្តោតសំខាន់នោះគឺភ្ជាប់សមត្ថភាពដែល Cashway មាន ទៅកាន់ស្ថាប័នដែលមានតម្រូវការក្នុងតំបន់ ជាមួយនឹងសេវាគាំពារក្នុងស្រុក ការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងតំបន់ និងបណ្តាញចែកចាយពីកម្ពុជា»។

អំពីក្រុមហ៊ុន Cashway Fintech Co., Ltd. គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារឆ្លាតវៃឈានមុខគេ ដែលមានជំនាញក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតកម្ម និងប្រតិបត្តិការឧបករណ៍ស្វ័យសេវាធនាគារ។

Cashway ជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ស្វ័យសេវាហិរញ្ញវត្ថុធំជាងគេបំផុត និងជាប់លំដាប់ទី២សម្រាប់ការផ្គត់ផ្គង់ម៉ាស៊ីន ATM នៅប្រទេសចិន ដោយបានផ្គត់ផ្គង់ផលិតផលសេវាធនាគាររួមបញ្ចូលគ្នា និងដំណោះស្រាយទូទាត់ប្រាក់សុវត្ថិភាព ជាម្ចាស់ប៉ាតង់ជិត ១.០០០ ហើយបានដំឡើងឧបករណ៍ជាង ៣០០.០០០គ្រឿង សម្រាប់ស្ថាប័នហិរញ្ញវត្ថុនៅប្រទេសចិន និងអន្តរជាតិ ដែលគាំទ្រដល់បរិវត្តកម្មឌីជីថល និងសក្តិសិទ្ធិភាពប្រតិបត្តិការរបស់ធនាគារ។

អំពីក្រុមហ៊ុន IG Anachak Tech គឺជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា ព្រមទាំងប្រតិបត្តិការនៅទូទាំងតំបន់មេគង្គ ចាប់តាំងពីឆ្នាំ២០១២ តាមរយៈការបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនគឺ អាយឌាលីង ខនសាល់ធីង។ ក្រុមហ៊ុនមានជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ និងបានពង្រីកទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណឌីជីថល និងប្លុកឆេនជាដើម៕