ទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី «ប៉េង ហួត គ្រុប»
12-03-2026 15:22
(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយ មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉ាងច្រើន ពីសំណាក់សាធារណជន អ្នករស់នៅក្នុងគម្រោងបុរី ប៉េង ហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ សូមគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ គឺបើកចាប់តាំងពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ៤៖០០នាទីរសៀលដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីកត្តាពេលវេលាសម្រាប់អ្នកស្មគ្រ័ចិត្តបរិច្ចាគឈាមបានសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់ផងដែរ។
សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះ សបញ្ជាក់ឲ្យឃើញពីការចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យ ជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគ។
ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន «អប់រំ បរិស្ថាន និងសង្គម»៕











