អាជ្ញាធស្រុកបូរីជលសារ ធ្វើពិធីដង្ហែពានរង្វាន់សាលាគំរូ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពានរង្វាន់ សម្តេចតេជោសែន សម្រាប់ជ័យលាភីគ្រូបង្រៀនល្អថ្នាក់ជាតិ
12-03-2026 16:11
(តាកែវ)៖ អាជ្ញាធស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីដង្ហែពានរង្វាន់ សាលាស្តង់ដារគំរូ និងគ្រូបង្រៀនល្អ និងពិធីអបអរសាទរ ការទទួលពានរង្វាន់សាលាគំរូ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពានរង្វាន់សម្តេចតេជោសែន សម្រាប់ជ័យលាភីគ្រូបង្រៀនល្អថ្នាក់ជាតិ នៃឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ស្រុកបូរីជលសារ ខេត្តតាកែវ។
លោក ស៊ូ ភារម្យ អភិបាលស្រុកបូរីជលសារ បានថ្លែងថា ជ័យលាភីនិងសមិទ្ធិផលទាំងអស់នេះ ដែលធ្វើឱ្យសាលាមឋមសិក្សាសុខ អាន អង្គក្រូច ប្រែក្លាយទៅជាសាលាស្ដង់ដាគំរូ មិនមែនជាភាពចៃដន្យនោះទេ គឺមកពីកិច្ចខិតខំប្រឹងពីគ្រប់ភាគីពាក់ព័ន្ធ មានមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការទស្សនៈពិភពលោក សហគមន៍ គណៈកម្មការទ្រទ្រង់សាលារៀន ក៏ដូចជាអាណាព្យាបាលសិស្ស មាតាបិតាសិស្សទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍសាលា ច្រើនសន្ធឹកសន្ធាប់ ដូច្នេះហើយទើប សាលាមឋមសិក្សាសុខ អាន អង្គក្រូច ទទួលបានលទ្ធផលដូចនេះថ្ងៃនេះ។
លោក ស៊ូ ភិរម្យ ក៏បានលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសិស្ស ជឿជាក់ទុកចិត្តលើការដឹកនាំអប់រំរបស់គណៈកម្មការគ្រប់គ្រងសាលារៀន នឹងចូលរួមសហការ ក្នុងការណែនាំកូនចៅសិស្សានុសិស្ស ឱ្យទទួលបានវិន័យនិងសេចក្តីថ្លៃថ្នូរពោរពេញដោយធនធានចំណេះដឹង ដើម្បីជានាវាដឹកនាំជាតិឱ្យក្លាយទៅជាអរិយប្រទេស នៅលើសាកលលោក៕
















