វិសាខា ចង់ឃើញធនធានជម្រើសជាតិច្រើនចេញពីថ្នាលយុវជនខ្លួន ដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង
12-03-2026 16:16
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ក្នុងការជំរុញ និងអភិវឌ្ឍកីឡាករ-កីឡាការិនី ពិសេសថ្នាលយុវជន ហើយរំពឹងទៅថ្ងៃអនាគត ធនធានកីឡាករជម្រើសជាតិកម្ពុជាជាច្រើន នឹងចេញពីថ្នាលរបស់ខ្លួន ដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង ដ្បិតទើបគ្រងជើងឯកចំនួន ៣ នាពេលថ្មីៗ។
នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិប បន្ទាប់ពីវិសាខា បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន & ត្រេឌីង លើភាពជាដៃគូឧបត្ថម្ភធំរបស់ក្លិប ចាប់ពីរដូវកាលឆ្នាំ២០២៦ តទៅ នៅថ្ងៃទី១២ ខែមីនា នៅកីឡដ្ឋានវិសាខា។
ថ្នាក់ដឹកនាំក្លិបខាងលើ រំពឹងកិច្ចសហការជាមួយដៃគូឧបត្ថម្ភពេលនេះ នឹងក្លាយជាជំហានដ៏៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍន៍ក្លិប និងវិស័យកីឡាបាល់ទាត់កម្ពុជា។ ក្លិបសង្ឃឹមដំណើរការអភិវឌ្ឍនឹងកាន់តែល្អប្រសើរ ហើយទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ពិសេសការកសាងធនធានកីឡាករ-កីឡាការិនី ដើម្បីមានឱកាសរួមចំណែកជួយដល់ក្រុមជម្រើសជាតិកម្ពុជាឲ្យកាន់តែច្រើន។
កញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ដថា «ឥឡូវនេះ យើងឃើញសន្ទុះនៃការអភិវឌ្ឍយុវជនរបស់យើង កំពុងរីកចម្រើនខ្លាំងជាងគេ ហើយខ្ញុំចង់ឲ្យសន្ទុះរបស់យើងនេះ បន្ដយូរអង្វែងទៀត ដើម្បីថ្នាលរបស់យើង គាត់ធំធាត់ទៅ អាចរួមចំណែកជាមួយក្រុមជម្រើសជាតិក្នុងផ្នែកណាមួយ។ ក្លិបចង់ឲ្យធនធានជម្រើសជាតិនៅថ្ងៃអនាគត ចេញពីថ្នាលវិសាខា។ អ៊ីចឹងការតាំងចិត្ត ទាំងក្លិប និងដៃគូសហការ គឺយើងចង់ឃើញបែបនេះទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យកីឡានេះ»។
ជាមួយគ្នា លោកស្រី យូ វលក្ខណ៍ អគ្គនាយិកាក្រុមហ៊ុនខាងលើ បានបង្ហាញនូវមោទនភាព ក្នុងការបោះជំហានចូលរួមអភិវឌ្ឍន៍វិស័យកីឡា តាមរយៈក្លិប វិសាខា។ ក្រៅពីការផ្ដល់ឱកាសការងារ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច លោកស្រីសង្ឃឹមកិច្ចសហការនេះ គឺជាការបោះជំហានថ្មីមួយ សម្រាប់ក្រុមហ៊ុន ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងការប្រកួតប្រជែងប្រកបដោយសក្ដានុពល ទាំងលើឆាកជាតិ និងអន្ដរជាតិ។
ទន្ទឹមជាមួយការទទួលបានការគាំទ្រពីវិស័យឯកជននេះដែរ វិសាខា ក៏មានគម្រោងរៀបចំកម្មវិធីជាច្រើន ពិសេសពានរង្វាន់ Pre-Season កាន់តែធំ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃការបង្កើតផង និងជាការសាទរដល់កិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភធំរបស់ខ្លួនផង៕









