ព្រះខ័នរាជស្វាយរៀង ឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានទី៣ ទ្វីបអាស៊ី ក្រោយបន្ដឈ្នះភ្នំពេញក្រោន ២-១ ក្នុងជើងទី២

12-03-2026 22:42

(ភ្នំពេញ)៖ ទីបំផុតក្រុមព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ក្រោយបន្ដយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយនារាត្រីថ្ងៃព្រហស្បតិ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈសរុបទាំង ២ជើង ស្វាយរៀង បានយកឈ្នះក្រុមរួមជាតិនេះ ៦-២។

ជំនួបកាត់សេចក្ដីនេះ ភ្នំពេញក្រោនបានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដូចកាលពីជើងទី១ ដែរ ដោយកីឡាករ Moses Dyer នៅនាទី៤៥+៣ ប៉ុន្ដែត្រូវបានព្រះខ័នរាជស្វាយរៀង វាយបកបាន ២គ្រាប់វិញ នៅដើមវគ្គទី២ ដោយកីឡាករ Takasi Odawara នៅនាទី៥១ និងនាទី៦០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាយ៉ាងខ្លាំងនៅចុងម៉ោង តែមិនអាចរកគ្រាប់បាល់បន្ថែមរៀងខ្លួន។

សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៦-២ បន្ទាប់ពីជើងទី១ ពួកគេបានយកឈ្នះ ៤-១ កាលពីថ្ងៃទី០៥ ខែមីនាកន្លងទៅ ដែលនាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីខាងលើ ដោយឈរចាំក្រុមឈ្នះរវាងក្រុម Dewa United របស់ឥណ្ឌូនេស៊ី និងក្រុម Manila Digger របស់ហ្វីលីពីន ដែលទើបចាប់ផ្ដើមការប្រកួតជើងទី២ មុននេះ បន្ទាប់ពីជើងទី១ ក្រុមហ្វីលីពីន Manila Digger ទទួលបានជ័យជម្នះ ១-០ លើទឹកដីរបស់ខ្លួន៕