យល់ដឹងកីឡា៖ ទណ្ឌកម្មធំៗទាំង៣ ដែលបានចែងដោយក្រមវិន័យរបស់សហព័ន្ធ FIFA
13-03-2026 08:39
(បរទេស)៖ យោងតាមក្រមវិន័យរបស់ FIFA (FIFA Disciplinary Code) «ទណ្ឌកម្ម» សំដៅលើវិធានការណ៍ដែលដាក់ចេញ ដើម្បីដាក់ទោសបុគ្គល ឬសមាគមដែលបំពានច្បាប់បាល់ទាត់។ នេះបើយោងនៅលើគេហទំព័រសហព័ន្ធតែម្តង។
ទណ្ឌកម្មទាំងនេះត្រូវបានបែងចែកជា ៣ប្រភេទសំខាន់ៗរួមមាន សម្រាប់បុគ្គល (កីឡាករ និងមន្ត្រី) និងសម្រាប់នីតិបុគ្គល (ក្លិប និងសមាគមបាល់ទាត់ជាតិនានា) និងកំហុសជាក់លាក់។
១៖ ទណ្ឌកម្មសម្រាប់បុគ្គល (កីឡាករ គ្រូបង្វឹក និងមន្ត្រី)
• ការព្យួរការប្រកួត-ការហាមឃាត់មិនឱ្យចូលរួមប្រកួតក្នុងចំនួនជាក់លាក់ណាមួយ ឬក្នុងរយៈពេលកំណត់ណាមួយ
• ការហាមឃាត់សកម្មភាពបាល់ទាត់-ករណីធ្ងន់ធ្ងរ អាចឈានដល់ការហាមឃាត់អស់ ១ជីវិត
• ការផាកពិន័យជាប្រាក់-ការផាកពិន័យជាប្រាក់អាចមានចាប់ពី ១២៨ដុល្លារ រហូតដល់ ៦៥ម៉ឺនដុល្លារ
• ការហាមឃាត់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់-មិនឱ្យចូលទៅជិតតំបន់បច្ចេកទេស ឬកៅអីបម្រុង។
២៖ ទណ្ឌកម្មសម្រាប់ក្លិប និងសហព័ន្ធជាតិនានា
• ការពិន័យតាមរយៈកាត់ឱ្យចាញ់-ប្រសិនបើក្រុមណាមួយដាក់កីឡាករខុសលក្ខខណ្ឌចូលលេង ក្រុមនោះនឹងត្រូវចាត់ទុកថា ចាញ់ ៣-០ ដោយស្វ័យប្រវត្តិ
• ការប្រកួតបិទទ្វារ-ការពិន័យបិទកីឡដ្ឋានមិនឱ្យអ្នកគាំទ្រចូលមើល ឬកម្រិតចំនួនអ្នកទស្សនា
• ការហាមឃាត់ការផ្ទេរកីឡាករ-ក្លិបអាចនឹងត្រូវហាមឃាត់មិនឱ្យចុះឈ្មោះកីឡាករថ្មីក្នុងរយៈពេលជាក់លាក់ណាមួយ
• ការដកពិន្ទុ ឬការកាត់ឱ្យធ្លាក់ទៅលីគក្រោម-ជាទូទៅប្រើសម្រាប់ករណីបំពានច្បាប់ហិរញ្ញវត្ថុ ឬការរៀបចំលទ្ធផលទុកមុន។
៣៖ ទណ្ឌកម្មសម្រាប់កំហុសជាក់លាក់
• ការរើសអើងជាតិសាសន៍-FIFA បានបង្កើនទោសអប្បបរមា សម្រាប់កីឡាករគឺព្យួរ ១០ប្រកួតឡើងទៅ។ សម្រាប់សមាគមជាតិ អាចរងការផាកពិន័យជាប្រាក់យ៉ាងច្រើន (ដូចជា អាល់បានី និងអាហ្សង់ទីន ដែលធ្លាប់រងការផាកពិន័យខ្ទង់សែនដុល្លារនាពេលកន្លងមក)។
• ការរៀបចំលទ្ធផលទុកមុន-បុគ្គលដែលពាក់ព័ន្ធ អាចរងទណ្ឌកម្មមិនឱ្យធ្វើសកម្មភាពបាល់ទាត់អស់ ១ជីវិត៕



