Nissan ចាប់ដៃជាមួយ Uber ត្រៀមបញ្ចេញតាក់ស៊ីបើកបរស្វ័យប្រវត្តិ «Robotaxi»
13-03-2026 09:53
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តយក្ស Nissan បានសហការជាមួយ Uber និងក្រុមហ៊ុនបច្ចេកវិទ្យា Wayve ដើម្បីអភិវឌ្ឍរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) ដោយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះនឹងប្រើប្រាស់រថយន្តអគ្គិសនី Nissan Leaf ដែលបំពាក់បច្ចេកវិទ្យាឆ្លាតវៃរបស់ Wayve ហើយអតិថិជនអាចហៅជិះបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Uber។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោក Alex Kendall នាយកប្រតិបត្តិនៃក្រុមហ៊ុន Wayve បានបញ្ជាក់ពីភាពជឿជាក់លើបច្ចេកវិទ្យានេះថា៖ «យើងបានធ្វើតេស្តបច្ចេកវិទ្យារបស់យើងនៅទូទាំងប្រទេសជប៉ុនតាំងពីដើមឆ្នាំ២០២៥ មកម្ល៉េះ។ ការចាប់ដៃគូជាមួយ Uber និង Nissan ដើម្បីចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ Robotaxis សាកល្បងនេះ អនុញ្ញាតឱ្យយើងណែនាំបច្ចេកវិទ្យានេះតាមរបៀបដែលមានការទទួលខុសត្រូវ»។ ទោះបីជាវាជាឡានបើកបរដោយខ្លួនឯង ប៉ុន្តែក្នុងដំណាក់កាលដំបូង នឹងមានអ្នកបើកបរជំនាញអង្គុយក្នុងឡានដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត។
មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ក្រុមហ៊ុនទាំងនេះក៏មានមហិច្ឆតាពង្រីកសេវាកម្មតាក់ស៊ីស្វ័យប្រវត្តិនេះទៅកាន់ទីក្រុងធំៗជាង ១០ ជុំវិញពិភពលោកផងដែរ រួមទាំងទីក្រុងឡុងដ៍នៅចុងឆ្នាំនេះ។ លោក Ivan Espinosa នាយកប្រតិបត្តិរបស់ Nissan បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនកំពុងពិភាក្សាគ្នាក្នុងការនាំយកកិច្ចសហការនេះទៅកាន់ទីផ្សារអន្តរជាតិផ្សេងទៀត ដើម្បីផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យដឹកជញ្ជូនសាធារណៈនាពេលអនាគត៕










