របាយការណ៍ WSJ៖ ក្រុមហ៊ុន ByteDance របស់ចិន ទទួលបានឈីប AI កំពូលរបស់ Nvidia

13-03-2026 11:09

(បរទេស)៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok កំពុងតែបង្កើនថាមពលកុំព្យូទ័រដោយប្រើប្រាស់ឈីបកំពូលៗរបស់ក្រុមហ៊ុន Nvidia នៅក្រៅប្រទេសចិន។

យោងតាមរបាយការណ៍របស់ WSJ ដែលស្រង់សម្ដីពីប្រភពដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា ByteDance កំពុងសហការជាមួយក្រុមហ៊ុន Aolani Cloud ដែលជាក្រុមហ៊ុនអាស៊ីអាគ្នេយ៍ ដើម្បីដំឡើងប្រព័ន្ធកុំព្យូទ័រ Nvidia Blackwell ចំនួនប្រហែល ៥០០ គ្រឿងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលស្មើនឹងឈីប B200 សរុបប្រមាណ ៣៦,០០០ គ្រាប់។ របាយការណ៍បានបន្តថា ក្រុមហ៊ុន Aolani បញ្ជាទិញម៉ាស៊ីនមេ (Servers) ទាំងនេះពីក្រុមហ៊ុន Aivres ដែលជាក្រុមហ៊ុនដំឡើងម៉ាស៊ីនមេដោយប្រើប្រាស់ឈីបរបស់ Nvidia។ ប្រសិនបើផែនការនេះសម្រេចទៅដោយរលូន Hardware ទាំងនោះអាចនឹងមានតម្លៃសរុបលើសពី ២.៥ ពាន់លានដុល្លារអាមេរិក។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Aolani បានប្រាប់ WSJ ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការជាមួយនឹង Hardware ដែលមានតម្លៃប្រហែល ១០០ លានដុល្លារប៉ុណ្ណោះ។ តាមរបាយការណ៍ដដែល ByteDance មានផែនការប្រើប្រាស់ថាមពលកុំព្យូទ័រទាំងនេះសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្រៅប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ AI ជាសកលដែលកំពុងកើនឡើងពីសំណាក់អតិថិជនរបស់ខ្លួន។

ភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗនៅឡើយទេ ចំណែកឯក្រុមហ៊ុន Nvidia, ByteDance និង Aolani Cloud ក៏មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ដែរ។

គួរជម្រាបថា កាលពីខែមុន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកមានឆន្ទៈអនុញ្ញាតឱ្យ ByteDance ទិញឈីប H200 របស់ Nvidia ប៉ុន្តែក្រុមហ៊ុនផលិតឈីបមួយនេះមិនទាន់យល់ព្រមលើលក្ខខណ្ឌដែលបានស្នើឡើងសម្រាប់ការប្រើប្រាស់ឈីបទាំងនោះនៅឡើយទេ ដោយយោងតាមប្រភពដែលជិតស្និទ្ធនឹងរឿងនេះ៕