ធនាគារ ABA បន្ថែមសាខាថ្មី នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
13-03-2026 13:41
(ព្រះសីហនុ)៖ ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព និងងាយស្រួលសម្រាប់អាជីវកម្ម និងរូបវន្តបុគ្គល នៅក្នុងតំបន់សេដ្ឋកិច្ចដ៏មមាញឹក និងសំខាន់មួយរបស់កម្ពុជា។
ស្ថិតក្នុងទីតាំងយុទ្ធសាស្រ្ត ដើម្បីបម្រើតម្រូវការដែលបន្ដកើនឡើងជាលំដាប់ពីសំណាក់សហគ្រាស និងបុគ្គលិកដែលកំពុងប្រតិបត្តិការនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស សាខាថ្មីនេះ មានផ្តល់នូវសេវាកម្ម និងផលិតផលពេញលេញរបស់ធនាគារ ABA។ អតិថិជននឹងទទួលបានបទពិសោធប្រើប្រាស់សេវាធនាគារទំនើបប្រកបដោយផាសុកភាព ជាមួយបន្ទប់ VIP សម្រាប់ឯកជនភាពអតិថិជន កន្លែងអង្គុយរង់ចាំធំទូលាយ ចំណតសមរម្យ ព្រមទាំងក្រុមការងារវិជ្ជាជីវៈ ដែលរង់ចាំបម្រើសេវាជូនអតិថិជនគ្រប់រូប។ បងប្អូនដែលបំពេញការងារនៅក្នុងតំបន់នេះស្រាប់ អាចចូលប្រើសេវាធនាគារយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ក្រុង ឬសាខាខេត្ត ដោយធានាបាននូវការធ្វើប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព។
សាខាថ្មីនេះ ក៏មានផ្នែកស្វ័យសេវា ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអាចឲ្យអតិថិជនបំពេញតម្រូវការធនាគាររបស់ខ្លួនយ៉ាងងាយស្រួល គ្រប់ពេលវេលា 24/7 និង មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ Visa, Mastercard, UPI ចាយពេលតែពីរបីនាទីប៉ុណ្ណោះ។
ABA សាខាថ្មីនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ទប់លេខ 1F 46-48 & 2F 22-25 វិថីសម្តេចតេជោ ហ៊ុន សែន ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8ព្រឹក ដល់ 4រសៀល និងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8ព្រឹក ដល់ 11:30ព្រឹក។ លោកអ្នកអាចទាក់ទងសាខាតាមលេខទូរស័ព្ទ 098 203 361៕










