ភាពយន្តខ្នាតធំរឿង «ទាយាទធ្មប់» វគ្គ២ សម្ពោធដាក់បញ្ចាំងជាផ្លូវការ ខណៈអ្នកដឹកនាំសម្ដែងជនជាតិអ៉ីតាលី បង្ហាញក្ដីសង្ឃឹមខ្ពស់
13-03-2026 14:03
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ នៅរោងភាពយន្ដ Prime Cineplex ភាពយន្តខ្មែររឿង «ទាយាទធ្មប់» របស់ផលិតកម្មTwo River International បានសម្ពោធដាក់បញ្ចាំងជាផ្លូវការ ក្រោមវត្តតារាល្បីៗ ផលិតករទាំងខ្មែរ បរទេស និងអ្នកជំនាញផលិតភាពយន្ដជាច្រើនរូប។ភាពយន្ដខ្នាតធំនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់ភាពយន្ដទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះតទៅ ព្រោះជារឿងធំប្រចាំឆ្នាំដែលទស្សនិកជនទន្ទឹងរង់ចាំជាយូរមកហើយ។
លោក ជី សិលា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ (Sabay) រួមទាំង Sabay Cinema ដែលជាអ្នកបោះទុនម្នាក់ដែរក្នុងរឿង «ទាយាទធ្មប់»បានឲ្យដឹងថា កន្លងមករឿងមកហើយ ខណៈ «ទាយាទធ្មប់» វគ្គទី២នេះ សង្ឃឹមថាបងប្អូនចូលរួមគាំទ្រកាន់តែច្រើន។ Sabay Cinema ចង់ជម្រុញកុនខ្មែរឲ្យកាន់តែច្រើន ហើយប្រភេទកុនភ័យរន្ធត់ កុនខ្មោចជាដើម មានការពេញនិយមរហូត ក្មេងៗយុវវ័យនរណាក៏ចូលចិត្តដែរ។ រឿងនេះមិនមែនជាកុនខ្មោចដ៏គួរឲ្យខ្លាចទេ តែជាជំនឿគ្រួសារ មនោសញ្ចេតនាឪពុកម្ដាយ និងកូន វាជារសជាតិថ្មីមួយ។
លោក ជី សិលា បន្ថែមថា Sabay ជាស្លាកយីហោមួយដែលមានអាយុកាល២០ឆ្នាំ ខណៈលោកនៅក្នុងវិស័យភាពយន្ដ ១៦ឆ្នាំមកហើយ។ លោកថា Sabay Cinema នឹងពង្រឹងអ្វីដែលខ្លួនមានឲ្យកាន់តែមានលក្ខណៈពិសេស ហើយនឹងទៅបើករោងភាពយន្ដបន្ថែមទៀតនៅតាមបណ្ដាខេត្តណាដែលមានប្រជាជនច្រើន នាពេលខាងមុខ។
ចំណែកតារាសម្ដែងល្បី ឌុច លីដា ដែលជាតួអង្គម្នាក់នៅក្នុងរឿង «ទាយាទធ្មប់» បានឲ្យដឹងដែរថា រឿងនេះនាងចំណាយពេលមិនយូរទេ អ៊ីចឹងនាងអាចសម្ដែងបាន ហើយនាងលេងជាតួធ្មប់។នាងថាមិនរួញរាឡើយក្នុងការសម្ដែង បែបណាក៏បានឲ្យតែស័ក្ដិសមជាមួយសាច់រឿង។នាងបន្ថែមថា អាចលេងបានទាំងស៊ិចស៊ី សុភាព ស្លូត គឺទៅតាមសាច់រឿង ហើយធ្វើតួម្ដាយ យាយចាស់ក៏បានគឺនាងមិនប្រកាន់តួទេ។
តារាសម្ដែងវ័យក្មេង ម៉ានីកា ដែលជាតួអង្គសំខាន់ក្នុងរឿង «ទាយាទធ្មប់» បានឲ្យដឹងថា នាងថតរឿងនេះជួបឈុតពិបាកច្រើនដូចជាការធ្លាក់ទឹក លេងជាមួយភ្លើង ព្រោះជារឿងបែបរន្ធត់ មន្ដអាគម តែលាយឡំជាមួយក្ដីស្រលាញ់ ម្ដាយនិងកូន។ នាងថាឈុតពិបាកគឺមានចុះទឹកជ្រៅ ហើយនាងអត់ចេះហែលទឹកទេ ហើយវាជាលើកទី៤ សម្រាប់នាងក្នុងការថតឲ្យផលិតករបរទេស។ រឿងនេះសង្ឃឹមថាជោគជ័យ ព្រោះអាចមានឈុតពិបាកច្រើន តែនាងនៅតែអាចធ្វើបាន។
លោក Jimmy Henderson ជនជាតិអ៊ីតាលីជាអ្នកដឹកនាំរឿង «ទាយាទធ្មប់» បានឲ្យដឹងថា ការផលិតវគ្គ២ នេះគឺដោយសាតែជោគជ័យវគ្គ១។ លោកមានក្ដីរីករាយដែលបានធ្វើការជាមួយម៉ានីកា និងក្រុមការងារទាំងមូល ហើយលោកបានមកខ្មែរតាំងពីឆ្នាំ២០១១ និងបានផលិត១២រឿងមកហើយ។ លោកជឿជាក់ថារឿង «ទាយាទធ្មប់» និងបំបែកកំណត់ត្រានាពេលខាងមុខ។ផលិតករល្បីឈ្មោះរូបនេះយល់ថាបច្ចុប្បន្នរឿងខ្មែរ ទាំងគុណភាព និងបរិមាណមានការកើនឡើង យ៉ាងតិចបំផុតមានរឿងថ្មីមួយចេញនៅលើរោងភាពយន្ដក្នុង១សប្ដាហ៍ ដែលគួរឲ្យកត់សម្គាល់ ហើយគុណភាពមានការកើនឡើង។ លោកថាចន្លោះពី១ឆ្នាំទៅ១ឆ្នាំកន្លះ រឿងខ្មែរ អាចប្រកួតប្រជែងទីផ្សារនៅប្រទេសជិតខាងបានហើយ។
សូមរំឭកថារឿង «ទាយាទធ្មប់» វគ្គ១ បានដាក់បញ្ចាំងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រច្រើនទើប Two River International ឈានមកផលិតវគ្គ២ និងសម្ពោធជាផ្លូវការនាពេលនេះ៕




























