ធនាគារ «វីង» នៅកម្ពុជា ទទួលបានចំណាត់ថ្នាក់ការពារអតិថិជនខ្ពស់បំផុត ពីស្ថាប័នវាយតម្លៃអន្តរជាតិ «MFR»
13-03-2026 15:39
(ភ្នំពេញ)៖ ស្ថាប័នវាយតម្លៃអន្តរជាតិ MFR ផ្តល់ការទទួលស្គាល់ ១០០% ដល់ធនាគារ វីង សម្រាប់ការអនុវត្តពេញលេញលើការការពារអតិថិជន ដែលជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយក្នុងទីផ្សារកំពុងអភិវឌ្ឍផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស ពីស្ថាប័នវាយតម្លៃនអន្តរជាតិ MicroFinanza Rating (MFR) ដែលនេះគឺជាការទទួលស្គាល់កម្រិតខ្ពស់បំផុត ក្រោមក្របខណ្ឌអន្តរជាតិ សម្រាប់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។
តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ ស្ថាប័នអន្តរជាតិមួយនេះបានបញ្ជាក់ថា ធនាគារ វីង បានអនុវត្តពេញលេញ ១០០% ស្របតាមស្តង់ដារសកលស្តីពីការការពារអតិថិជន ដែលធ្វើឱ្យធនាគារ វីង ស្ថិតក្នុងចំណោមស្ថាប័នលេចធ្លោនៅក្នុងទីផ្សារកំពុងអភិវឌ្ឍ ដែលគោរពតាមលក្ខខណ្ឌអន្តរជាតិដ៏តឹងរ៉ឹងរួមមាន ការផ្តល់សេវាកម្មប្រកបដោយសមធម៌ តម្លាភាពតម្លៃសេវា ការការពារទិន្នន័យ និងការវាយតម្លៃឥណទានប្រកបដោយការទទួលខុសត្រូវ។
MFR គឺជាស្ថាប័នវាយតម្លៃលំដាប់ថ្នាក់សកលឈានមុខគេដែលមានឯកទេសក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាបន្ន ដោយមានវត្តមាននៅជាង ១១០ ប្រទេស ហើយកាន់កាប់ចំណែកទីផ្សារវាយតម្លៃឯកទេសជាង ៧០% នៅទូទាំងសកលលោក។ ការទទួលស្គាល់ពីស្ថាប័នដ៏ធំមួយនេះ បានជួយលើកកម្ពស់កិត្យានុភាពរបស់វិស័យហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបង្ហាញយ៉ាងច្បាស់ថា ស្ថាប័នក្នុងស្រុកក៏មានសមត្ថភាពអាចអនុវត្តបានតាមស្តង់ដារសកល សម្រាប់ប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ធនាគារ វីង ក៏សម្រេចបាននូវការអនុលោមភាពពេញលេញ ១០០% ក្រោមការវាយតម្លៃនៃក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាស្តង់ដារជាតិកំណត់ដោយសមាគមធនាគារនៅកម្ពុជា ផងដែរ។
សមិទ្ធផលទាំងនេះសរបញ្ជាក់ពីជំហររឹងមាំរបស់ធនាគារ វីង ក្នុងនាមជាស្ថាប័ននាំមុខគេផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជននៅកម្ពុជា។
ផ្តើមចេញពីអ្នកផ្តល់សេវាទូទាត់ប្រាក់តាមទូរសព្ទ បច្ចុប្បន្ន ធនាគារ វីង បានបោះជំហានយ៉ាងរឹងមាំក្លាយជាធនាគារពាណិជ្ជពេញលេញ ដែលកំពុងបម្រើអតិថិជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ការវិវឌ្ឍដ៏ឆាប់រហ័សនេះ បានឆ្លុះបញ្ចាំងពីការធ្វើទំនើបកម្មយ៉ាងទូលំទូលាយនៃវិស័យហិរញ្ញវត្ថុកម្ពុជា ព្រមទាំងការទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនពីសំណាក់អ្នកវិនិយោគក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា។
លោកបណ្ឌិត ឌីមីត្រូ ខូលេកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា វិញ្ញាបនបត្រនេះ បានបង្ហាញពីការគាំទ្រដ៏មោះមុតចំពោះប្រព័ន្ធអភិបាលកិច្ច និងប្រព័ន្ធការពារអតិថិជន។ លោកបណ្ឌិតបន្ថែមថា «វិញ្ញាបនបត្រកម្រិតមាសនេះ គឺជាការវាយតម្លៃដោយឯករាជ្យទៅលើរបៀបដែលយើងដំណើរការធនាគារ ពោលគឺធ្វើឡើងដោយមានស្តង់ដារច្បាស់លាស់ មានអភិបាលកិច្ចរឹងមាំ និងមានប្រព័ន្ធគ្រប់គ្រងដែលចាត់ទុកអតិថិជនជាអាទិភាពចម្បងជានិច្ច»។
សម្រាប់អតិថិជននៅកម្ពុជា វិញ្ញាបនបត្រនេះគឺជាការធានាយ៉ាងរឹងមាំថា គ្រប់ផលិតផល និងសេវាកម្មរបស់ធនាគារ វីង ត្រូវបានរៀបចំឡើងប្រកបដោយការទទួលខុសត្រូវ និងការពារដោយប្រព័ន្ធសុវត្ថិភាពទិន្នន័យដ៏រឹងមាំ ព្រមទាំងមានយន្តការដោះស្រាយបណ្តឹងដែលងាយស្រួល និងមានប្រសិទ្ធភាព។ សម្រាប់អ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍វិញ វិញ្ញាបនបត្រនេះផ្តល់នូវការធានាយ៉ាងច្បាស់លាស់ថា ហានិភ័យពាក់ព័ន្ធនឹងអតិថិជនត្រូវបានគ្រប់គ្រង និងកាត់បន្ថយយ៉ាងសកម្ម។ ចំណុចនេះជួយពង្រឹងដល់ដំណើរការវាយតម្លៃដោយហ្មត់ចត់ និងគាំទ្រដល់ការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់។
លើសពីនេះ ដៃគូពាណិជ្ជកម្មអន្តរជាតិ និងធនាគារដៃគូ ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ ព្រោះវិញ្ញាបនបត្រនេះបានបង្ហាញពីអភិបាលកិច្ចប្រកបដោយវិន័យ ការពង្រឹងសន្តិសុខសាយប័រ ប្រតិបត្តិការប្រកបដោយតម្លាភាព និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំ ដែលទាំងអស់នេះសុទ្ធសឹងជាសមត្ថភាពដ៏សំខាន់សម្រាប់ការធ្វើប្រតិបត្តិការធនាគារឆ្លងដែននៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន ប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង រួមមានសាខាជិត ៣០ ទីតាំង ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រជិត ២០០ ទីតាំង និងដៃគូអាជីវកម្មប្រើប្រាស់សេវាឌីជីថលជាង ២០០.០០០ កន្លែង។ អេប Wing Bank ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដែលជួយជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ មិនថានៅទីក្រុង និងជនបទនោះឡើយ។
ធនាគារបន្តពង្រឹងសន្តិសុខសាយប័រ តាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណច្រើនកម្រិត ការធ្វើកូដនីយកម្មទិន្នន័យ ការត្រួតពិនិត្យការគំរាមកំហែងតាមពេលវេលាជាក់ស្តែង និងការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសន្តិសុខនានា។ ប្រព័ន្ធរបស់ធនាគារអនុលោមតាមស្តង់ដារសកលដូចជា SWIFT CSP និង PCI DSS ដែលជាកត្តាដ៏សំខាន់សម្រាប់ការទូទាត់អន្តរជាតិ និងប្រតិបត្តិការកាតប្រកបដោយសុវត្ថិភាពខ្ពស់បំផុត៕





