អូស្រ្តាលី! ច្បាប់ហាមក្មេងក្រោម ១៦ឆ្នាំ លេងបណ្តាញសង្គម ហាក់មិនទាន់មានប្រសិទ្ធភាព ខណៈយុវវ័យម្នាក់ក្នុងចំណោម ៥នាក់ នៅតែបន្តលួចប្រើ
14-03-2026 09:35
(បរទេស)៖ បើទោះបីជារដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមក៏ដោយ ប៉ុន្តែរបាយការណ៍ថ្មីចុងក្រោយបានបង្ហាញថា យុវវ័យប្រមាណ ២០% នៅតែបន្តលួចប្រើប្រាស់ TikTok និង Snapchat ដដែលក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្រាន់ឡើយ។
ក្រោមច្បាប់ថ្មីដ៏តឹងរ៉ឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Meta (ម្ចាស់ Facebook/Instagram), TikTok និង Snapchat នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ៤៩.៥ លានដុល្លារអូស្ត្រាលី (ប្រហែល ៣៥ លានដុល្លារ) ប្រសិនបើពួកគេបណ្តោយឱ្យក្មេងក្រោមអាយុកំណត់ចូលប្រើប្រាស់។
ទោះជាយ៉ាងណា និយតករអ៊ីនធឺណិត (eSafety Commissioner) បានបង្ហើបថា ពួកគេនឹងទុកពេលឱ្យក្រុមហ៊ុនទាំងនោះសម្របខ្លួនសិន មុននឹងឈានដល់ការផាកពិន័យធ្ងន់ធ្ងរ។ ជាមួយគ្នានេះ គេសង្កេតឃើញថា ក្មេងៗមួយចំនួនបានងាកទៅប្រើប្រាស់កម្មវិធី WhatsApp ជំនួសវិញបន្តិចបន្តួច។
គួរជម្រាបថា របាយការណ៍ដដែលបានព្រមានថា៖ «ការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ដែលគេបានឃើញក្នុងខែធ្នូ និងមករា កំពុងតែចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗហើយ»។ នេះមានន័យថា ប្រសិនបើគ្មានយន្តការត្រួតពិនិត្យអាយុឱ្យបានច្បាស់លាស់ និងម៉ឺងម៉ាត់ជាងនេះទេ បម្រាមដ៏ធំរបស់អូស្ត្រាលីនេះ អាចនឹងមានប្រសិទ្ធភាពតែមួយឆាវប៉ុណ្ណោះ៕









