Meta គ្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ខណៈការចំណាយលើបច្ចេកវិទ្យា AI កើនឡើងខ្ពស់

14-03-2026 11:27

(បរទេស)៖ ក្រុមហ៊ុនយក្ស Meta ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិក ជុំថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលអាចធ្វើឱ្យចំនួនបុគ្គលិករបស់ខ្លួនថយចុះរហូតដល់ ២០% ឬច្រើនជាងនេះ។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងទប់ទល់នឹងការចំណាយដ៏មហិមាលើការវិនិយោគក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងដើម្បីបង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទីស១៤ ខែមីនា ឆ្នាំ២០២៥។

Meta ចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ខ្ទង់រាប់ពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍន៍ម៉ូដែល AI ជំនាន់ថ្មី ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ ក្រុមហ៊ុនចង់រុះរើរចនាសម្ព័ន្ធឱ្យកាន់តែបង្រួម និងមានប្រសិទ្ធភាពជាងមុន ដោយជំនួសតំណែងខ្លះដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងជំនួយការ AI។ ទោះបីជាចំណូលពីការផ្សាយពាណិជ្ជកម្មនៅតែមាន ក៏ប៉ុន្តែការវិនិយោគលើគម្រោង «Superintelligence» និងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ខ្នាតយក្ស បានដាក់សម្ពាធយ៉ាងខ្លាំងលើប្រាក់ចំណេញរបស់ក្រុមហ៊ុន។

បច្ចុប្បន្ន Meta មានបុគ្គលិកប្រហែល ៧៩,០០០ នាក់។ ប្រសិនបើការកាត់បន្ថយ ២០% កើតឡើងពិតមែន នោះមានន័យថាបុគ្គលិកប្រមាណជាង ១៦,០០០ នាក់ នឹងត្រូវបាត់បង់ការងារ។ ផ្នែកដែលរងផលប៉ះពាល់ខ្លាំងអាចរួមមាន ផ្នែកវិស្វកម្មដែលមិនមែនជាអាទិភាព និងផ្នែកអភិវឌ្ឍន៍ផលិតផលមួយចំនួនដែលទាក់ទងនឹង Metaverse។ «ក្រុមហ៊ុនកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងមហិច្ឆតា AI ដ៏ធំធេង និងនិរន្តរភាពហិរញ្ញវត្ថុរបស់ខ្លួន»។ នេះជាសំដីរបស់ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនបានប្រាប់ Reuters។

គួរជម្រាបថា ប្រសិនបើវាកើតឡើងមែននោះ បានន័យថានេះគឺជាការកាត់បន្ថយបុគ្គលិកដ៏ធំបំផុតមួយ ចាប់តាំងពីឆ្នាំ២០២៣ ដែលលោក Mark Zuckerberg បានប្រសិទ្ធនាមថាជា «ឆ្នាំនៃប្រសិទ្ធភាព» ឬ (Year of Efficiency)។ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទជាក់លាក់នៃការបញ្ឈប់បុគ្គលិកនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ៕