ដំណឹងល្អ! MacBook Neo ម៉ូដែលថ្មីរបស់ Apple ក្លាយជាកុំព្យូទ័រដែលងាយស្រួលជួសជុលបំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ
14-03-2026 12:37
(បរទេស)៖ ក្រុមហ៊ុន Apple ទើបតែបង្កការភ្ញាក់ផ្អើលជាមួយនឹងការបញ្ចេញ MacBook Neo តម្លៃធូរថ្លៃត្រឹម ៤៩៩ ដុល្លារសម្រាប់សិស្សនិស្សិត ដែលត្រូវបានគេរកឃើញថាជាកុំព្យូទ័រយួរដៃងាយស្រួលជួសជុលបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤ មក។ តាមការពិនិត្យពីស្ថាប័នជំនាញ iFixit បានបង្ហាញថា Apple បានប្តូរមកប្រើវីសដើម្បីភ្ជាប់ថ្ម និងក្តារចុចជំនួសឱ្យការប្រើកាវ ដែលធ្វើឱ្យការផ្លាស់ប្តូរគ្រឿងបន្លាស់សំខាន់ៗដូចជា កាមេរ៉ា និងសេនស័រស្កេនម្រាមដៃ មានភាពងាយស្រួលជាងមុនឆ្ងាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
ទោះបីជាមានការកែលម្អច្រើនក៏ដោយ ក៏ MacBook Neo នៅតែទទួលបានពិន្ទុត្រឹមតែ ៦ លើ ១០ ប៉ុណ្ណោះពី iFixit ខណៈដែលគូប្រជែងដូចជា Lenovo ThinkPad ទទួលបានពិន្ទុដល់ទៅ ៩ ឬ ១០។ បញ្ហាចម្បងគឺដោយសារតែ Apple នៅតែបន្តផ្សារភ្ជាប់បន្ទះមេម៉ូរី (RAM) ជាប់ទៅនឹងបន្ទះឈីបមេ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចដំឡើងមេម៉ូរីបន្ថែមដោយខ្លួនឯងបានតាមតម្រូវការនាពេលអនាគត។
លោក Kyle Wiens នាយកប្រតិបត្តិរបស់ iFixit បានផ្តល់មតិរិះគន់បែបស្ថាបនាថា ការមិនអាចបង្កើនមេម៉ូរីនេះ នឹងក្លាយជាឧបសគ្គសម្រាប់ MacBook Neo ក្នុងការដំណើរការកម្មវិធី AI ដែលកាន់តែស្មុគស្មាញទៅៗ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អនាគតរបស់ Apple សម្រាប់ AI ដែលផ្តោតលើឯកជនភាព ត្រូវតែជាម៉ូដែលដែលដំណើរការក្នុងម៉ាស៊ីនផ្ទាល់ (local models)។ ខ្ញុំយល់ថា នេះគឺជាចំណុចខ្វះខាតនៅទូទាំងខ្សែស្រឡាយផលិតផល Mac ទាំងអស់របស់ Apple»។
គួរជម្រាបថា MacBook Neo គឺជាជំហានវិជ្ជមានមួយរបស់ Apple ក្នុងការវិលត្រឡប់មករកផលិតផលដែលអតិថិជនអាចជួសជុលបានយូរអង្វែង ប៉ុន្តែវានៅតែមានកម្រិតសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា AI ធំៗក្នុងរយៈពេលវែង ដោយសារតែការរចនាគ្រឿងក្នុងដែលនៅមានភាពតឹងរ៉ឹងលើផ្នែកមេម៉ូរីនៅឡើយ៕










