របាយការណ៍ពី WSJ៖ រដ្ឋបាលលោក Trump នឹងទទួលបានកម្រៃជើងសារ ១០ពាន់លានដុល្លារ ពីការសម្របសម្រួលកិច្ចព្រមព្រៀង TikTok
14-03-2026 14:00
(បរទេស)៖ យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal (WSJ) នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយយោងតាមប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលបានកម្រៃជើងសារប្រមាណ ១០ពាន់លានដុល្លារ ពីក្រុមវិនិយោគិន នៅក្នុងកិច្ចព្រមព្រៀងដែលទើបតែបញ្ចប់ថ្មីៗនេះ ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ TikTok នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មសិទ្ធិរបស់ TikTok មកពីប្រទេសចិន បានបញ្ចប់កិច្ចព្រមព្រៀងជាស្ថាពរក្នុងការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (Joint Venture) ដែលមានជនជាតិអាមេរិកកាន់កាប់ភាគហ៊ុនភាគច្រើន ដើម្បីធានាសុវត្ថិភាពទិន្នន័យនៅអាមេរិក និងដើម្បីជៀសវាងការបិទកម្មវិធីវីដេអូខ្លីមួយនេះ ដែលមានជនជាតិអាមេរិកជាង ២០០ លាននាក់កំពុងប្រើប្រាស់។ ក្រុមហ៊ុនថ្មីដែលមានឈ្មោះថា «TikTok USDS Joint Venture LLC »វនឹងធ្វើការការពារទិន្នន័យអ្នកប្រើប្រាស់ កម្មវិធីនិងក្បួនដោះស្រាយ (Algorithms) របស់អាមេរិក តាមរយៈវិធានការឯកជនភាពទិន្នន័យ និងសន្តិសុខសាយប័រ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីការលក់ចេញនេះ ត្រូវបានបង្ហាញក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
អនុប្រធានាធិបតី លោក JD Vance កាលពីខែកញ្ញាធ្លាប់បានលើកឡើងថា ក្រុមហ៊ុនអាមេរិកថ្មីនេះ នឹងមានតម្លៃខ្លួនប្រហែល ១៤ ពាន់លានដុល្លារ។
តាមរបាយការណ៍របស់ WSJ ការបង់ប្រាក់នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលក្រុមវិនិយោគិនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋបាលលោក Trump ទទួលបានសិទ្ធិគ្រប់គ្រងលើប្រតិបត្តិការរបស់ TikTok នៅអាមេរិកពីក្រុមហ៊ុន ByteDance។ ទឹកប្រាក់នេះ គឺជាបន្ថែមលើការវិនិយោគដែលបានធ្វើរួចហើយ ដើម្បីបង្កើតអង្គភាពថ្មីសម្រាប់ដំណើរការកម្មវិធីនេះនៅសហរដ្ឋអាមេរិក។
ក្រុមវិនិយោគិនរួមមានក្រុមហ៊ុន Oracle, Silver Lake, ក្រុមហ៊ុន MGX របស់អាប៊ូដាប៊ី និងអ្នកគាំទ្រផ្សេងទៀត បានបង់ប្រាក់ប្រហែល ២.៥ ពាន់លានដុល្លារ ទៅឱ្យក្រសួងរតនាគារជាតិ នៅពេលកិច្ចព្រមព្រៀងត្រូវបានបិទបញ្ចប់ ហើយពួកគេនឹងត្រូវបន្តបង់ប្រាក់ជាបន្តបន្ទាប់រហូតដល់គ្រប់ចំនួន ១០ ពាន់លានដុល្លារ។ ខាងភាគី TikTok និងសេតវិមាន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីភ្នាក់ងារ Reuters នៅឡើយទេ។
មន្ត្រីរដ្ឋបាលបានអះអាងថា ការទាមទារកម្រៃជើងសារនេះគឺជារឿងសមហេតុផល ដោយផ្អែកលើតួនាទីរបស់លោក Trump ក្នុងការជួយសង្គ្រោះប្រតិបត្តិការរបស់ TikTok នៅអាមេរិក និងការដឹកនាំការចរចាជាមួយប្រទេសចិន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ ព្រមទាំងដោះស្រាយកង្វល់របស់សមាជិកសភាលើបញ្ហាសន្តិសុខជាតិ។
ទោះជាយ៉ាងណា កាលពីដើមខែនេះ លោក Trump និងអគ្គមេធាវីអាមេរិក លោកស្រី Pam Bondi ក៏ត្រូវបានប្តឹងដោយវិនិយោគិនមកពីក្រុមហ៊ុនបណ្តាញសង្គមគូប្រជែងចំនួនពីរផងដែរ ដោយពួកគេព្យាយាមបដិសេធការយល់ព្រមរបស់ប្រធានាធិបតីលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ByteDance ក្នុងការបង្កើតក្រុមហ៊ុនរួមទុនដែលមានអាមេរិកកាន់កាប់ភាគហ៊ុនភាគច្រើននេះ៕









