ក្រសួងរៀបចំដែនដី បាននិងកំពុងបន្តសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ស្ម័គ្រចិត្តព្រមទទួលយកការដោះដូរទីតាំងថ្មី
14-03-2026 14:05
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដែលបានពេញចិត្ត និងស្ម័គ្រចិត្តព្រមទទួលយកការដោះដូរទីតាំងថ្មី។
ជាមួយនឹងការសម្របសម្រួល ជាមួយអតិថិជនស្ម័គ្រចិត្តព្រមទទួលយកការដោះដូរទីតាំងថ្មី នៅថ្ងៃទី២ នៃការស្វែងរកដំណោះស្រាយនេះ ក៏មានបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ បន្ទាប់ពីក្រសួងរៀបចំដែនដី ប្រកាសទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ដែលបានបង់ប្រាក់គ្រប់១០០% យ៉ាងច្រើនកុះករ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ៕























