សាលាញូវហ្គេតវ៉េអន្តរជាតិ រៀបចំពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម ដោយជោគជ័យ ខណៈសិស្សបានបង្កើតគម្រោងដែលមានបញ្ជូលគ្នានូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជិតគម្រោង៤០០មកតាំងបង្ហាញ (Video inside)
14-03-2026 19:51
(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម ដើម្បីបង្ហាញស្នាដៃច្នៃប្រឌិតរបស់សិស្សានុសិស្សនៃសាលាញូវហ្គេតវ៉េអន្តរជាតិ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលពួកគេបានសិក្សាស្រាវជ្រាវ បង្កើតគម្រោងផ្សេងៗ ដោយបញ្ជូលគ្នានូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម។
កម្មវិធី ពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម បានរៀបចំឡើងនាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលឈូកមាសវេឌីញហល ២ ដោយមានការចូលរួមពីសិស្សានុសិស្ស និង មាតាបិតាអាណាព្យាបាលសិស្ស ប្រមាណ ២,០០០ នាក់។
ថ្លែងនាឱកាសនេះ កញ្ញា ណា អែនជីលីណារចនា អគ្គនាយិការងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានគូសបញ្ជាក់ថា ការរៀបចំ ពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម គឺដើម្បីបង្ហាញសមត្ថភាពរបស់សិស្ស និងលើកទឹកចិត្តដល់ពួកគេឱ្យចេះយកចំណេះវិជ្ជាដែលទទួលបានពីក្នុងថ្នាក់រៀន ទៅផ្សារភ្ជាប់នឹងការរស់នៅជាក់ស្តែង តាមរយៈការបង្កើតនូវគម្រោងនានាដែលផ្តល់ប្រយោជន៍ដល់សង្គម។
កញ្ញាបន្ថែមថា តាមរយៈស្នាដៃដែលសិស្សានុសិស្សបង្កើតឡើងនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ សាលាញូវហ្គេតវ៉េអន្តរជាតិ ដែលបង្រៀនផ្តោតជាសំខាន់ទៅលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ក្នុងពិព័រណ៍នេះ សិស្សានុសិស្សនៃសាលាញូវហ្គេតវ៉េអន្តរជាតិ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២មកពីគ្រប់កម្មវិធីសិក្សា បានបង្កើតគម្រោងចំនួន៣៩៧ ដើម្បីបង្ហាញទៅដល់អ្នកចូលរួម តាមរយៈការបញ្ជូលគ្នា នូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ អ្នកច្នៃប្រឌិតវ័យក្មេងបានបង្ហាញពីការគិតបែបវិភាគ និងជំនាញសហការយ៉ាងល្អ ។ គំរូវិស្វកម្ម និងការពិសោធន៍វិទ្យាសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនេះ បានបង្ហាញយ៉ាងច្បាស់ថា សិស្សានុសិស្សរបស់សាលាញូវហ្គេតវ៉េអន្តរជាតិ មិនត្រឹមតែជាអ្នករៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នករួមចំណែកដោះស្រាយបញ្ហានាពេលអនាគតផងដែរ។
បន្ទាប់ពីបានដើរទស្សនាដៃស្នាដៃផ្សេងៗរបស់សិស្សរួមនឹងកូន របស់ខ្លួន យឿង វិសាល បានបង្ហាញអារម្មណ៍រីករាយបានឃើញស្នាដៃដែលកូនរបស់លោកបានបង្កើតឡើង។លោកបានលើកឡើងថា ការបង្រៀនផ្តោតលើបច្ចេកវិទ្យា និងការរៀបចំបង្កើតពិព័រណ៍នេះឡើង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបណ្តុះបណ្តាលសិស្សស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងបណ្តុះធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែខ្លាំង។
សម្រាប់គម្រោងដែលភាពលេចធ្លោនិងទទួលបានការគាំទ្រច្រើន ទទួលបានពានរង្វាន់ពីសាលាផងដែរ។ ក្នុងនាមគ្រប់គ្រងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ
សូមអបអរសាទរដល់បេក្ខជនទាំងអស់ និងសូមអរគុណជាពិសេសដល់លោកគ្រូអ្នកគ្រូសម្រាប់ការណែនាំដ៏ល្អ និងការខិតខំប្រឹងប្រែង។ ការលះបង់នេះ ធ្វើឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យ។ សាលាញូវហ្គេតវ៉េអន្តរជាតិ ពិតជាមានមោទនភាពចំពោះសិស្សគ្រប់រូបដែលបានចូលរួម និងធ្វើឱ្យកម្មវិធីដ៏ធំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងតាមរយៈនវានុវត្តន៍៕




















