ក្រុមហ៊ុន វ័ន ម៉រ គ្រុប បើកបង្ហាញជាផ្លូវការនូវ «រោងចក្រជាតិ គុណភាពអន្តរជាតិ» និងសម្ពោធផលិតផលថ្មីៗ ជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាព ផលិតផលខ្មែរ លើឆាកអន្តរជាតិ
15-03-2026 15:47
(ភ្នំពេញ)៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការ នូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផល មោទកភាពជាតិខ្មែរ ១០០%។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានមានប្រសាសន៍ ដោយក្ដីមោទកភាពថា ៖ «ការបើកទ្វាររោងចក្រជាតិ របស់យើងនៅថ្ងៃនេះ គឺជាសក្ខីភាព បញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផល ដែលមានគុណភាព កម្រិតសកល ។ គោលដៅចម្បងរបស់យើង មិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីនាំយកនូវមោទកភាពជាតិ និងស្តង់ដារសុខុមាលភាពខ្ពស់បំផុត ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធានាថាគ្រប់ផលិតផល របស់ វ័ន ម៉រ គ្រុប គឺជាជម្រើសទីមួយ ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងទំនុកចិត្ត។»
ក្នុងដំណើរទស្សនកិច្ច លើផ្ទៃដីវិសាលភាពជាង ១០ ហិកតា ភ្ញៀវកិត្តិយសបានឃើញផ្ទាល់ភ្នែក នូវខ្សែសង្វាក់ផលិតកម្មដ៏ទំនើប ដែលនាំចូលពី សហភាពអឺរ៉ុប (អាល្លឺម៉ង់ និងអ៊ីតាលី)។ រោងចក្រផលិតទឹកពិសាវីតាល់ បានបង្ហាញពីភាពសម្រិតសម្រាំងតាមរយៈ៖
*ប្រព័ន្ធចម្រោះ ១២ ដំណាក់កាល ធានាបាននូវភាពបរិសុទ្ធ និងគុណភាពខ្ពស់បំផុត ។
*ការទទួលស្គាល់កម្រិតពិភពលោក ទទួលបានវិញ្ញាបនបត្រស្តង់ដារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងស្តង់ដារ ISO និងមេដាយមាស Monde Selection ជាច្រើនឆ្នាំបន្តបន្ទាប់ ។
ស្របជាមួយគ្នានេះ ក្រុមហ៊ុនបានបើកបង្ហាញ នូវផលិតផលថ្មីៗជាច្រើន ដែលកំពុងមានវត្តមានលើទីផ្សារ រួមមាន៖
-មីជាតិ កំប៉ុង រសជាតិឈ្ងុយឆ្ងាញ់ និងភាពងាយស្រួល សម្រាប់ការរស់នៅបែបសម័យថ្មី ។
-គ្រឿងទេសវ័នម៉រ រួមមាន ប្រេងខ្យង ទឹកម្ទេស និងម្សៅស៊ុបមាន់ ម្សៅស៊ុបសាច់ជ្រូក និង ម្សៅស៊ុបបន្លែ ដែលផលិតយ៉ាងសម្រិតសម្រាំង សម្រាប់រសជាតិផ្ទះបាយខ្មែរ ។
-អាហារសម្រន់ នំកញ្ចប់ «មីចិបចុប» ដែលផ្ដល់នូវរសជាតិប្លែក និងអនាម័យខ្ពស់។
តាមរយៈពាក្យស្លោក «គ្រប់តំណក់ឆ្លុះបញ្ចាំងពីភាពជោគជ័យ» ក្រុមហ៊ុន វ័ន ម៉រ គ្រុប ក៏បានពង្រឹងសកម្មភាពមនុស្សធម៌តាមរយៈ «មូលនិធិ ២៥៛» ដើម្បីបន្តជួយដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានក្នុងសង្គមជាតិ ។
ជាកិច្ចតបស្នងដល់ដៃគូអាជីវកម្ម ក្រុមហ៊ុនក៏បានរៀបចំពិធីលៀងសាយភាយ និងការចាប់រង្វាន់មហាសាល នូវរថយន្តទំនើបចំនួន ២ គ្រឿង ដើម្បីអបអរសាទរ នូវមហាជោគជ័យដែលសម្រេចបានរួមគ្នា។
ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពជឿជាក់បំផុត ៕




















