ផ្លូវការ! ជំនួបរវាងអាហ្សង់ទីន និងអេស្ប៉ាញ ដណ្តើមពាន Finalissima 2026 ត្រូវលុបចោល ដោយសារសង្រ្គាម
16-03-2026 09:37
(បរទេស)៖ នៅទីបំផុត ការប្រកួតដណ្តើមពានរង្វាន់អន្តរទ្វីប Finalissima 2026 រវាងក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ និងម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន ត្រូវបានសម្រេចលុបចោលវិញហើយ ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា មិនទាន់បិទបញ្ចប់។
នេះមានន័យថា ក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីន ពពកសអាហ្សង់ទីន នៅតែបន្តគ្រប់គ្រងពានលេងរៀងរាល់ ៤ឆ្នាំនេះដដែល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
តាមគម្រោងជំនួបរវាងជើងឯកអឺរ៉ុប UEFA Euro 2024 គោជល់អេស្ប៉ាញ ត្រូវប្រឈមមុខនឹងអាហ្សង់ទីន ដែលជាជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង Copa America 2023 នឹងធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងប្រទេសកាតា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ជាទីតាំងប្រកួត World Cup 2022 ដែលបានកំពុងរងការវាយប្រហារពីអឺរ៉ង់ថែមទៀតផង ជុំវិញមូលដ្ឋានកងទ័ពអាមេរិកនៅទីនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ចង់យកការប្រកួតមកធ្វើនៅកីឡដ្ឋាន Bernabeu របស់ក្លិប Real Madrid សម្រាប់ជើងទី១ មុនពេលជើងទី២ ធ្វើនៅទីក្រុង Buenos Aires ក៏ប៉ុន្តែត្រូវបានអាហ្សង់ទីន បដិសេធ មុនឈានដល់ការសម្រេចលុបចោលពេលនេះ។
គួរបញ្ជាក់ផងថា Finalissima ដែលលេងរៀងរាល់ ៤ឆ្នាំម្តង និងទើបរៀបចំបាន ៤លើកផងនោះ ដោយសហព័ន្ធ UEFA និង CONMEBOL មានអាហ្សង់ទីនជាម្ចាស់ជើងឯកចុងក្រោយគេ ពេលយកឈ្នះអាសូរីអ៉ីតាលី នៅកីឡដ្ឋានជាតិអង់គ្លេស Wembley កាលឆ្នាំ២០២២៕



