បវរកញ្ញាឯកកម្ពុជា កញ្ញា ស៉ីដនី ម៉ារីត បានក្លាយម្ចាស់ជ័យលាភីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥
16-03-2026 09:41
(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាឯកភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ដែលបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធី Miss Planet International 2025 ដោយគិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានរកឃើញកញ្ញាឯកដែលបានគ្រងមកុដហើយ គឺបានទៅលើបវរកញ្ញាកម្ពុជាតែម្តង គឺកញ្ញា ស៉ីដនី ម៉ារីត (Sydney Marith) បានគ្រងមកុដ Miss Planet International 2025។
ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2025 បានធ្វើឡើងក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងអង្គការទេសចរណ៍កម្ពុជា-កាតា (CATA), លោកស្រី ហាលី អាមីន ប្រធានស្ថាប័នបវរកញ្ញា Miss Planet International ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត។
សូមបញ្ជាក់ដែរថា កម្មវិធី Miss Planet International 2025 មានបវរកញ្ញាភពផែនដីអន្តរជាតិ មកពី ៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d'Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។
គួរបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។ តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ៕


































