ព្រះខ័នរាជ នាំមុខភ្នំពេញក្រោន ១១ពិន្ទុ ខណៈកំពង់ដេវ៉ា អស់ឱកាសប្រជែងជើងឯកលីគមុនគេ ក្នុងចំណោមបេក្ខភាព Top-6
16-03-2026 10:59
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងស្ថិតលើវិថីមានប្រៀប ដើម្បីឆ្ពោះទៅគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ជាថ្មី ក្រោយបង្កើនគម្លាតពិន្ទុកាន់តែដាច់ឆ្ងាយរហូតដល់ ១១ពិន្ទុពីក្រុមឈរលេខ២ ភ្នំពេញក្រោន និងក្រុមផ្សេងៗ ស្របពេលក្រុម អឹមអូអាយ កំពង់ដេវ៉ា គឺជាបេក្ខភាព Top-6 ដែលអស់ឱកាសប្រជែងជើងឯកជាផ្លូវការមុនគេ។
ក្រុមការពារតំណែងជើងឯកស្វាយរៀង បន្ដធ្វើបានយ៉ាងល្អ ក្នុងការប្រកួតសប្ដាហ៍ទី២៥ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ២-០ ដែលធ្វើបានសម្រេចដោយកីឡាករ Patrick Robson ទាំង ២គ្រាប់ នៅនាទី១៩ និងនាទី៧៩ ស្របពេលក្រុមភ្នំពេញក្រោន បន្ដបរាជ័យ ដោយចាញ់ក្រុមបឹងកេត ២-១ នៅលើទឹកដីរបស់ខ្លួន។
លទ្ធផលខាងលើនាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងកាន់តែរឹងមាំ ដោយរកបាន ៥៨ពិន្ទុ និងមានប្រៀបរហូតដល់ ១១ពិន្ទុលើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៧ពិន្ទុក្នុងដៃ។ គម្លាតពិន្ទុដ៏ច្រើននេះ បានធ្វើឲ្យក្រុមលោក McConkey Matthew មានភាគរយខ្ពស់ក្នុងដំណើរទៅការពារតំណែងជើងឯក ខណៈភ្នំពេញក្រោន កាន់តែខើចឱកាសប្រជែង ទោះបីសល់ ៧ប្រកួតក្នុងដៃទៀតក្ដី។
ក្នុងចំណោមបេក្ខភាព Top-6 ដែលត្រូវបន្ដការប្រកួតដំណាក់កាលទី២ ចំនួន ២ជុំ ដើម្បីប្រជែងជើងឯកលីគនេះដែរ គេឃើញក្រុម កំពង់ដេវ៉ា បានអស់ឱកាសមុនគេក្នុងការប្រជែង ក្រោយចាញ់ក្រុមភ្ញៀវណាហ្គាវើលដ៏ ២-០ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការបរាជ័យនេះ ធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ បន្ដឈរលេខ៦ ដោយរក្សា ៣៣ពិន្ទុក្នុងដៃ ចាញ់ប្រៀបក្រុមកំពូលតារាងរហូតដល់ ២៥ពិន្ទុឯណោះ។
ក្រៅពី អឹមអូអាយ កំពង់ដេវ៉ា បេក្ខភាព Top-6 ចំនួន ៣ក្រុមទៀត ក៏ស្ទើរអស់ឱកាសផងដែរ រួមមានណាហ្គា និងបឹងកេត ដែលកំពុងឈរលេខ៣ និងលេខ៤ មាន ៣៩ពិន្ទុស្មើគ្នា គ្រាដែលអង្គរថាយហ្គឺរ ធ្លាក់មកឈរលេខ៥ មាន ៣៨ពិន្ទុ បើធៀបនឹងក្រុមកំពូលតារាង ក្រុមទាំង ៣ ចាញ់ប្រៀបរហូតដល់ ១៩ និង ២០ពិន្ទុឯណោះ។ ដូច្នេះព្រះខ័នរាជស្វាយរៀង ត្រូវការជ័យជម្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់ឱកាសប្រជែងជើងឯកក្រុមទាំង ៣ ជាផ្លូវការតែម្ដង៕












