ក្រុមហ៊ុនយក្សចិន JD.com ចាប់ផ្ដើមវាយលុកទីផ្សារនៅអឺរ៉ុប ដើម្បីប្រជែងជាមួយ Amazon
16-03-2026 11:50
(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខ្នាតយក្សរបស់ចិន JD.com បានសម្រេចចិត្តបោះជំហានពង្រីកខ្លួនចូលទៅក្នុងតំបន់អឺរ៉ុប ដោយដាក់ឱ្យដំណើរការផ្សារអនឡាញ Joybuy នៅក្នុងប្រទេសធំៗចំនួន ៦ រួមមានអង់គ្លេស អាល្លឺម៉ង់ និងបារាំងជាដើម។ ការផ្លាស់ប្តូរនេះគឺជាយុទ្ធសាស្ត្រថ្មីមួយក្នុងការទាញចំណែកទីផ្សារពីក្រុមហ៊ុនលេខ១ Amazon ខណៈដែលក្រុមហ៊ុនចិនមួយនេះបានចំណាយប្រាក់ជាង ២ ពាន់លានដុល្លារទិញយកក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិករបស់អាល្លឺម៉ង់រួចជាស្រេចកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ការចេញមកវាយលុកទីផ្សារអន្តរជាតិនាពេលនេះ គឺដើម្បីស្វែងរកប្រភពចំណូលថ្មីៗ បន្ទាប់ពីការលក់នៅក្នុងប្រទេសចិនជួបប្រទះការប្រកួតប្រជែងខ្លាំងពេក និងកង្វះកម្លាំងទិញពីអ្នកប្រើប្រាស់ក្នុងស្រុក។ នៅលើវេទិកា Joybuy អតិថិជនអាចរកទិញបានតាំងពីសម្ភារបច្ចេកវិទ្យា គ្រឿងសម្អាង រហូតដល់គ្រឿងទេស ដែលមានម៉ាកល្បីៗជាច្រើនដូចជា L'Oreal និង Braun ជាដើម។
ចំណុចពិសេសបំផុតរបស់ Joybuy គឺសេវាកម្មដឹកជញ្ជូនដ៏រហ័ស ដែលលោក Matthew Nobbs នាយកគ្រប់គ្រងប្រចាំចក្រភពអង់គ្លេសបានបញ្ជាក់ថា «ការដឹកជញ្ជូនរហ័សជូនអតិថិជនក្នុងទីក្រុងធំៗ នឹងក្លាយជាចំណុចលក់ដ៏សំខាន់»។ ក្រុមហ៊ុនបានរៀបចំឃ្លាំងទំនិញដល់ទៅ ៦០ កន្លែងទូទាំងអឺរ៉ុប ដើម្បីធានាថាការបញ្ជាទិញមុនម៉ោង ១១ ព្រឹក នឹងត្រូវដឹកដល់ដៃអតិថិជននៅថ្ងៃដដែល។ ជាមួយគ្នានេះ ពួកគេក៏បានបញ្ចេញសេវាកម្ម «JoyPlus» ដើម្បីប្រជែងជាមួយ Amazon Prime ក្នុងតម្លៃសមាជិកត្រឹមតែ ៣,៩៩ ផោន/អឺរ៉ូ (ឬ ៤.៥៧ដុល្លារ) ប៉ុណ្ណោះក្នុងមួយខែ សម្រាប់ការដឹកជញ្ជូនឥតគិតថ្លៃមិនកំណត់។
គួរជម្រាបថា តំណាងក្រុមហ៊ុន JD.com បានសង្កត់ធ្ងន់ថា តម្លៃទំនិញនៅលើទីផ្សារអនឡាញថ្មីនេះនឹងមានភាព «ប្រកួតប្រជែង» បំផុត ដើម្បីទាក់ចិត្តអតិថិជនអឺរ៉ុបឱ្យងាកមកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ទោះបីជាកន្លងមក JD.com ធ្លាប់បានបរាជ័យក្នុងការចរចាទិញយកក្រុមហ៊ុនលក់រាយធំៗមួយចំនួននៅអង់គ្លេសដូចជា Currys និង Argos ក៏ដោយ ប៉ុន្តែការបើកដំណើរការ Joybuy នេះបង្ហាញពីមហិច្ឆតាកាន់តែខ្លាំងរបស់យក្សចិនក្នុងការដណ្ដើមទីផ្សារអឺរ៉ុបនាពេលបច្ចុប្បន្ន៕












