Man Utd ផ្តួល Aston ៣-១ គ្រាដែល Rooney ស្នើតែងតាំងលោក Carrick គ្រូបង្វឹកពេញសិទ្ធិ
16-03-2026 11:56
(បរទេស)៖ Manchester United បានយកឈ្នះគូប្រជែង Aston Villa ក្នុងលទ្ធផល ៣-១ ជើងទី២ នៅ Premier League នារាត្រីថ្ងៃអាទិត្យ នៅពេលដែលអតីតវីរៈបុរសក្លិបបិសាចក្រហម លោក Wayne Rooney បានស្នើឱ្យតែងតាំងលោក Michael Carrick ជាគ្រូបង្វឹកអចិន្ត្រៃយ៍ផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈ ៣ពិន្ទុប្រចាំសប្តាហ៍ទី៣០ បានញាំងឱ្យ Man Utd បន្តឈរលេខ៣ ក្នុងតារាងលីគអង់គ្លេសដដែល ជាមួយនឹង ៥៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ១៦ពិន្ទុ ដ្បិតនៅសល់ ៨ប្រកួត ដើម្បីបិទរដូវកាលនេះ។
នៅចាំបានថា ក្រោមវត្តមានដឹកនាំបិសាចក្រហមជាលើកទី២ នេះដែរ លោក Carrick បានដឹកនាំ Man Utd ឈ្នះ ៧ប្រកួត ក្នុងចំណោម ៩ប្រកួតសរុប គិតចាប់តាំងពីចូលកាន់តំណែងនៅកីឡដ្ឋាន Old Trafford នាអំឡុងខែមករា ឆ្នាំ២០២៦ ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នរហូតចប់រដូវកាលឆ្នាំ២០២៥-២៦។
ស្នាដៃនេះបាននាំឱ្យ Rooney អតីតខ្សែប្រយុទ្ធ Man Utd និងធ្លាប់លេងរួមគ្នាកាល Old Trafford ជាមួយ Carrick ផងនោះ បានស្នើឱ្យមានការតែងតាំងលោក Carrick ជាអ្នកចាត់ការទូទៅពេញសិទ្ធិតែម្តងតពីលោក Ruben Amorim ដែលត្រូវបានដកតួនាទីកាលពីចុងឆ្នាំ២០២៥។
លោកថា «១០០% លោក Carrick តួរតែទទួលបានការងារនេះ។ ខ្ញុំបានដឹងថា វានឹងកើតឡើងសម្រាប់លោក Carrick ព្រោះថា ខ្ញុំបានស្គាល់គាត់យ៉ាងច្បាស់ទាំងបុគ្គលិកលក្ខណៈ និងអត្តចរឹត»៕




