ប្រធានក្លិបអង្គរថាយហ្គឺរ នឹងចាត់វិធានការម៉ឺងម៉ាត់លើ មុត សត្យា ករណីប្រើកែងបណ្ដាលឲ្យ Connor បែកក្បាល
16-03-2026 13:20
(ភ្នំពេញ)៖ ខ្សែការពារក្លិបអង្គរថាយហ្គឺរ មុត សត្យា កំពុងរង់ការរិះគន់យ៉ាងខ្លាំង ក្រោយប្រើកាយវិការមិនស័ក្ដិសមជាអ្នកកីឡា ចំពោះការប្រើកែងវាយទាំងកំរោលលើខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Connor Shields បណ្ដាលឲ្យកីឡាករសញ្ជាតិស្កុតឡែនរូបនេះ បែកក្បាលហូរឈាមស្រោចនៅចុងម៉ោង ក្នុងជំនួបសប្ដាហ៍ទី២៥ នៃលីគកំពូលកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីចុងសប្ដាហ៍កន្លងទៅ។
ជាមួយការបង្កកំហុសទាំងកំហឹងលើគូប្រជែងនេះ ដ្បិតអាជ្ញាកណ្ដាលបានផ្ដល់ការពិន័យកាតក្រហមភ្លាមៗលើ មុត សត្យា តែការលោតវាយកែងដោយចេតនានេះ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ហាក់ខឹងសម្បារ និងបានធ្វើការរិះគន់យ៉ាងចាស់ដៃលើម្ចាស់អាវលេខ២៦ រូបនេះ សូម្បីប្រធានក្លិបអង្គរថាយហ្គឺរផ្ទាល់លោក Akihiro Kato ក៏បានប្រតិកម្ម ហើយនឹងចាត់វិធានការផ្ទៃក្នុងក្លិបយ៉ាងម៉ឺងម៉ាត់ទៀតផង។
ក្រោយចប់ការប្រកួត ដោយក្លិបអង្គរថាយហ្គឺរ រងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-០ ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើ បានបង្ហោះសារសុំទោសជាសាធារណៈភ្លាមៗថា «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងអំឡុងការប្រកួតថ្ងៃនេះ។ យើងនឹងពិចារណាឲ្យបានហ្មត់ចត់ និងចាត់វិធានការសមស្របនៅក្នុងក្លិប»។
ដោយឡែកលោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានប្រតិកម្មខ្លាំងៗក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត ដោយលោកចង់ឲ្យមានការពិន័យពេញ ១រដូវកាលលើ មុត សន្យា ដ្បិតលោកថា នេះមិនមែនជាលើកដំបូងនោះទេ តែជារឿយៗលោកតែងឃើញរូបគេលេងរបៀបនេះ ហើយបានចាត់ទុកជាទង្វើរដ៏គ្រោះថ្នាក់ក្នុងបាល់ទាត់ទៀតផង។
គ្រូបង្វឹកវ័យក្មេងដដែលសង្កត់ធ្ងន់ថា «នៅក្នុងបាល់ទាត់ ការប្រើកែងវាយទៅលើក្បាលកីឡាករម្នាក់ទៀត គឺជារឿងដែលអាក្រក់មើល ដែលយើងមិនអាចទទួលយកបាន ហើយកីឡាករម្នាក់ហ្នឹង (មុត សត្យា) មិនមែនទើបតែលើកហ្នឹងទេ ប៉ុន្តែគាត់ព្យាយាមលេងរបៀបនេះច្រើនដងហើយ។ យើងមិនដឹងថា មានការពិន័យរបៀបណានោះទេ ប៉ុន្តែគាត់គួរតែទទួលការពិន័យពេញ ១រដូវកាលនេះ ព្រោះការលេងប្រើកែងលើក្បាលនេះ វាប៉ះទង្គិចទៅលើក្បាលខ្លាំង»។
គួរដឹងថា ការប៉ះទង្គិចខាងលើបានកើតឡើងនៅចុងម៉ោង ស្របពេលព្រះខ័នរាជស្វាយរៀង កំពុងនាំមុខ ២-០ ដោយការរត់ជែងគ្នារវាង សត្យា និង Connor ហើយ សត្យា ក៏ដួលទាំងជំហរ មុនរូបគេក្រោករត់ទាំងកំហឹង សម្ដៅទៅរក Connor ហើយលោតវាយកែងបណ្ដាលឲ្យម្ចាស់អាវលេខ៩៧ បែកភ្នែកខាងឆ្វេង ហូរឈាមស្រោចតែម្ដង។ ភ្លាមនោះ ក៏មានការស្រែកតវ៉ាគ្នាមួយប្រាវ តែត្រូវបានរំងាប់អារម្មណ៍ដល់អាជ្ញាកណ្ដាល និងមិត្តរួមក្រុម។ យ៉ាងណាអ្នកគាំទ្រធ្វើការរិះគន់យ៉ាងខ្លាំងលើទង្វើនេះ រហូតមានការស្នើឲ្យដាក់ពិន័យធ្ងន់ធ្ងរ ទោះបីរូបគេបានរងពិន័យកាតក្រហមយ៉ាងណាក្ដី៕







