កម្មវិធីប្រឡងចម្រៀងរ៉េប «CAMBO RAPPER» រកឃើញបេក្ខជន «Top4» ហ្វេនៗអាចបោះឆ្នោតកំណត់ជោគវាសនាពួកគេបាន!

16-03-2026 13:24

(ភ្នំពេញ)៖ សល់តែប៉ុន្មានថ្ងៃទៀតកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ សម្រាប់បេក្ខជន Top4 បានត្រៀមខ្លួនរួចរាល់ហើយដើម្បីដណ្តើមពានរង្វាន់ប៉ុន្តែក្នុងអំឡុងពេលត្រៀមខ្លួននេះ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រទាំងអស់អាចចូលរួមបោះឆ្នោតកំណត់ជោគវាសនារបស់ពួកគេបានតាមរយៈការ Scan QR របស់ពួកគេម្នាក់ៗ ដោយការផ្ញើសារម្តងតម្លៃ ២០០០រៀល ឬ 0,5$ ប៉ុណ្ណោះ។

បេក្ខជន Top 4 ដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន បេក្ខជន Ak-K , SINA , B2 និងបេក្ខជន 4L ពួកគេសុទ្ធសឹងតែជាងជើងខ្លាំងនិងមានសមត្ថភាពខ្ពស់នៅក្នុងការច្រៀងចម្រៀងរ៉េប។ មិនដឹងថាក្នុងចំណោមបេក្ខជនជើងខ្លាំងទាំង៤រូបនេះ តើនរណានឹងក្លាយទៅជាម្ចាស់ពាន និងជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ពីកម្មវិធីចម្រៀងរ៉េប Cambo Rapper ក្នុងរដូវកាលទី១នេះទេ?

ស្របពេលដែលត្រៀមខ្លួនឡើងសង្វៀនរ៉េបនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ទស្សនិកជន និងអ្នកគាំទ្រក៏អាចចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនដែលបងប្អូនស្រឡាញ់ពេញចិត្ត ពីព្រោះសំឡេងឆ្នោតរបស់បងប្អូន គឺជាកម្លាំងចិត្តនិងជាជណ្តើរនាំពូកគេទៅកាន់តំណែងម្ចាស់កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដើម្បី បន្តក្តីស្រមៃ និងជោគវាសនា របស់ពួកគេទាំងអស់គ្នា ដោយទស្សនិកជនគ្រាន់តែចូល Scan QR របស់បេក្ខជននីមួយៗជាការស្រេច ។ ចំពោះថវិកាដែលទទួលបានពីការ Vote កម្មវិធីនឹងបរិច្ចាគជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដែលរងគ្រោះនៅព្រំដែន។

គួរបញ្ជាក់ផងដែរថា វគ្គប្រកួតផ្តាច់ព្រ័ត្រត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៦ នៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ៕