ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ទី២ របស់ចិន ត្រៀមផលិតកម្រិត 7nm ខណៈទីក្រុងប៉េកាំងបង្កើនការពឹងផ្អែកលើខ្លួនឯង
16-03-2026 15:13
(បរទេស)៖ ក្រុមហ៊ុន Hua Hong Group ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេលំដាប់ទីពីររបស់ប្រទេសចិន បានសម្រេចនូវសមិទ្ធផលថ្មីមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតបន្ទះឈីបកម្រិតខ្ពស់ ដែលអាចប្រើប្រាស់សម្រាប់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hua Hong គឺ Huali Microelectronics កំពុងរៀបចំខ្សែសង្វាក់ផលិតកម្មកម្រិត 7-nanometre (nm) នៅក្នុងរោងចក្ររបស់ខ្លួននៅទីក្រុងស៊ាងហៃ។ ការសម្រេចបាននេះនឹងធ្វើឱ្យ Hua Hong ក្លាយជាក្រុមហ៊ុនចិនទីពីរ (បន្ទាប់ពីក្រុមហ៊ុន SMIC) ដែលមានសមត្ថភាពផលិតឈីបកម្រិតខ្ពស់បែបនេះ។ តាមប្រភពព័ត៌មាន ក្រុមហ៊ុន Huawei និងក្រុមហ៊ុនរចនាឈីប Biren កំពុងសហការជាមួយ Huali ក្នុងការប្រើប្រាស់ខ្សែសង្វាក់ផលិតកម្ម 7nm នេះសម្រាប់ការធ្វើតេស្ត និងផលិតគំរូដំបូង (Tape-out)។ Huali គ្រោងនឹងចាប់ផ្តើមផលិតក្នុងកម្រិតតិចតួចជាមុនសិន ដោយរំពឹងថានឹងផលិតបាន «ប៉ុន្មានពាន់បន្ទះ (Wafers)» ក្នុងមួយខែនៅត្រឹមដំណាច់ឆ្នាំនេះ មុននឹងពង្រីកសមត្ថភាពបន្ថែមទៀត។
គួរជម្រាបថា ការវិវត្តន៍នេះកើតឡើងនៅចំពេលដែលសហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទំនើបៗទៅកាន់ប្រទេសចិន។ ទោះបីជាមានការដាក់កម្រិតពីខាងក្រៅក៏ដោយ ក៏ចិនបាននិងកំពុងជំរុញយុទ្ធសាស្ត្រ «ពឹងផ្អែកលើខ្លួនឯងទាំងស្រុង» ដោយបង្ខំឱ្យក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់ឧបករណ៍ផលិតដែលផលិតនៅក្នុងប្រទេសចិនឱ្យបានយ៉ាងហោចណាស់ ៥០%៕











