សាលាអន្តរជាតិអាប៊ែនឌែនឡៃ (ALIS) ផ្តោតលើការបណ្តុះបណ្តាលសិស្សឱ្យក្លាយជា អ្នកបន្តវេននាពេលអនាគត ប្រកបដោយទំនួលខុសត្រូវ មានសមត្ថភាព និងមានចិត្តមេត្តាករុណា បន្ថែមលើគុណភាពអប់រំ និងសមិទ្ធផលការសិក្សា
16-03-2026 17:20
(ភ្នំពេញ)៖ នៅសាលាអន្តរជាតិអាប៊ែនឌែនឡៃ (ALIS) មិនត្រឹមតែផ្តោតលើគុណភាពអប់រំ និងសមិទ្ធផលការសិក្សាឱ្យបានល្អប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការបណ្តុះបណ្តាលសិស្សឱ្យក្លាយជា មេដឹកនាំនាពេលអនាគត ដែលមានទំនួលខុសត្រូវ មានសមត្ថភាព និងមានចិត្តមេត្តាករុណា។
ជាក់ស្តែង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ សាមាជិកក្រុមប្រឹក្សាសិស្ស (Student Council) របស់សាលា បានរៀបចំ និងបង្កើតកម្មវិធីការប្រកួតកីឡាវាយសីសប្បុរសធម៌ ប្រកបដោយភាពជោគជ័យ ក្នុងគោលបំណង ដើម្បីប្រមូលជាមូលនិធិសប្បុរសធម៌។ ក្នុងកម្មវិធីនេះផងដែរ យើងក៏មានតាំងជាស្តង់លក់អាហារ និងរបស់របរនានាជាច្រើនទៀត។
ចាប់តាំងពីការរៀបចំគម្រោងផែនការ ការដឹកនាំ និងការគ្រប់គ្រងកម្មវិធី រហូតដល់ដំណើរការកម្មវិធីបញ្ចប់សិស្សានុសិស្សរបស់យើងបានបង្ហាញ និងបញ្ចេញពីសមត្ថភាពដឹកនាំ ការងារជាក្រុម និងជំនាញក្នុងការរៀបចំកម្មវិធី បានយ៉ាងល្អឥតខ្ចោះ។
សំខាន់ជាងនេះទៅទៀត កម្មវិធីនេះបានបង្ហាញពីអត្ថន័យពិតនៃភាពជាមេដឹកនាំ គឺមានភាពអត់ធ្មត់ ខន្តី និងមេត្តាករុណា សម្រាប់បម្រើការសង្គមផងដែរ។ តាមរយៈកម្មវិធីដ៏មានអត្ថន័យនេះ សិស្សានុសិស្សរបស់យើង បានប្រមូលនូវថវិកាមួយចំនួន ដើម្បីជួយគាំទ្រដល់អ្នកដែលត្រូវការជំនួយ នេះបានបង្ហាញថា ភាពជាមេដឹកនាំមិនមែនត្រឹមតែការដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចែករំលែក និងជួយសង្គមផងដែរ។
យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សរបស់យើង ចំពោះការខិតខំប្រឹងប្រែង ការសហការជាក្រុម ដោយមិនគិតពីផលប្រយោជន៍បុគ្គល។ ជាមួយគ្នានេះ យើងត្រូវបន្តបណ្តុះបណ្តាលមេដឹកនាំ ដែលអាចបង្កើតផលប្រយោជន៍ និងមិននាំនូវផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម និងពិភពលោកនាពេលអនាគត៕


















































































