អង្គរថាយហ្គឺរ ដាក់បម្រាម មុត សត្យា មិនឲ្យលេងរហូតដល់ចប់រដូវកាល និងពិន័យ ៣ករណីផ្សេងទៀត
16-03-2026 19:05
(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះបានចេញសេចក្ដីថ្លែងការណ៍ អំពីការដាក់ពិន័យលើខ្សែការពាររបស់ខ្លួន កីឡាករ មុត សត្យា ចំពោះទង្វើមិនអាចទទួលយកបាន កំឡុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញ ដោយប្រើកែងវាយលើគូប្រជែងកីឡាករ Connor Shields រហូតបែកក្បាល។
ទន្ទឹមនឹងការចេញសេចក្ដីថ្លែងការណ៍ដាក់ពិន័យលើកូនក្រុមខាងលើ ក្លិបអង្គរថាយហ្គឺរ ក៏បានធ្វើការសូមការអភ័យទោសដោយស្មោះអស់ពីចិត្តទៅកាន់កីឡាករ នៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មន្ត្រី និងអ្នកគាំទ្ររបស់ក្លិប ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងអ្នកស្នេហាវិស័យបាល់ទាត់ ដែលមានការខកចិត្តជាខ្លាំងចំពោះទង្វើដែលមិនអាចទទួលយកបានរបស់កីឡាករ មុត សត្យា។
ប្រភពដដែលបន្ដថា «បន្ទាប់ពីបញ្ចប់ការប្រកួត យើងខ្ញុំបានធ្វើការជួបផ្ទាល់ជាមួយកីឡាករ សត្យា កាលពីល្ងាចមិញ និងព្រឹកនេះម្តងទៀត ព្រមទាំងបានពិភាក្សាផ្ទៃក្នុងជាមួយភាគីពាក់ព័ន្ធ។ សត្យា បានគ្រប់គ្រងអារម្មណ៍ឡើងវិញភ្លាមៗ បន្ទាប់ពីការប្រកួត ហើយបានបង្ហាញការស្តាយក្រោយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួន។ នៅព្រឹកថ្ងៃនេះផងដែរ រូបគេបានផ្ញើសារសុំទោសដោយផ្ទាល់ទៅកាន់កីឡាករ Connor Shields។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាក្លិបបាល់ទាត់អាជីព យើងខ្ញុំយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពណា ដែលរំលោភលើគោលការណ៍ស្មារតីកីឡាជាចម្បង»។
បន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចដាក់ពិន័យដូចខាងក្រោម៖
ការព្យួរការប្រកួត៖ ហាមឃាត់ការចូលរួមប្រកួតដែលនៅសេសសល់ទាំងអស់ សម្រាប់រដូវកាលនេះ។
ការហ្វឹកហាត់៖ ហាមឃាត់ការចូលរួមហ្វឹកហាត់ជាមួយក្រុម រហូតដល់ដាច់ខែនេះ។
ការងារសង្គម៖ ត្រូវចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុង ក្នុងអំឡុងពេលនៃការព្យួរការហ្វឹកហាត់។
ការពិន័យផ្នែកហិរញ្ញវត្ថុ៖ កាត់ប្រាក់បៀវត្សរ៍មួយផ្នែក រហូតដល់បញ្ចប់រដូវកាល។
ក្លិបបញ្ជាក់ទៀតថា «ទោះបីជា សត្យា បានបង្ហាញការស្តាយក្រោយក៏ដោយ ក្លិបនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរូបគេលើការស្តារនីតិ សម្បទានិងការអប់រំ ហើយយើងនឹងពង្រឹងវិធានការផ្ទៃក្នុងរបស់យើង ដើម្បីការពារកុំឱ្យមានអាកប្បកិរិយាមារយាទបែប នេះកើតឡើងម្តងទៀត។ជាថ្មីម្តងទៀត យើងខ្ញុំសូមអភ័យទោសដោយស្មោះអស់ពីចិត្តចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលរងផលប៉ះពាល់ដោយសារបញ្ហានេះ។ ដោយការគោរពពីក្លិបបាល់ទាត់អង្គរថាយហ្គឺរ»។






