ភាគហ៊ុនរបស់ Samsung ហក់ឡើងខ្ពស់ ក្រោយមេធំ Nvidia បញ្ជាក់ពីកិច្ចសហការផលិតបន្ទះឈីប AI ជំនាន់ថ្មី

17-03-2026 09:55

(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើងរហូតដល់ ៥% នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានបង្ហើបឱ្យដឹងថា បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីរបស់ខ្លួន កំពុងត្រូវបានផលិតដោយក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ GTC (GPU Technology Conference) ប្រចាំឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Jensen Huang បានបង្ហាញនូវឧបករណ៍ដំណើរការ AI ថ្មី (AI inference processor) ដែលផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Groq ដែលជាក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ក្នុងវិស័យបន្ទះឈីប។ លោក Jensen Huang បានមានប្រសាសន៍ថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់ក្រុមហ៊ុន Samsung ដែលជាអ្នកផលិតបន្ទះឈីប Groq LP30 ឱ្យយើង ហើយពួកគេកំពុងខិតខំប្រឹងប្រែងផលិតយ៉ាងអស់ពីសមត្ថភាព»

លោកបានបន្ថែមថា បច្ចុប្បន្នបន្ទះឈីបទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលផលិត ហើយគ្រោងនឹងដឹកជញ្ជូនទៅកាន់ទីផ្សារនៅ ឆមាសទី២ នៃឆ្នាំ ២០២៦ នេះ។ នៅក្នុងព្រឹត្តិការណ៍ GTC នោះដែរ ក្រុមហ៊ុន Samsung ក៏បានដាក់បង្ហាញនូវបន្ទះឈីបរបស់ Nvidia ដែលត្រូវបានផលិតឡើងតាមរយៈបច្ចេកវិទ្យា ៤ ណានូម៉ែត្រ (4-nanometer) របស់ខ្លួនផងដែរ។ ការបញ្ជាក់ជាសាធារណៈពីសំណាក់មេធំ Nvidia បែបនេះ បានបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិន ចំពោះសមត្ថភាពផ្នែកសង្វាក់ផលិតកម្ម (Foundry) របស់ Samsung ក្នុងការប្រកួតប្រជែងជាមួយគូប្រជែងដូចជា TSMC។

ក្រោយការប្រកាសនេះ ភាគហ៊ុន Samsung កើនឡើង ៣.៩% ក្នុងតម្លៃ ១៩៦.០០០ វ៉ុន (បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុត ១៩៨.០០០ វ៉ុន នៅដើមវគ្គ)។ សន្ទស្សន៍ទីផ្សាររួម (KOSPI) កើនឡើងត្រឹមតែ ២.៤% ប៉ុណ្ណោះ ដែលសបញ្ជាក់ឱ្យឃើញថា កំណើនរបស់ Samsung គឺលេចធ្លោជាងគេនៅក្នុងទីផ្សារ៕