ផ្លូវការ! លោក Laporta ជាប់ឆ្នោតប្រធានក្លិប FC Barcelona ក្នុងអាណត្តិទី៤ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់

17-03-2026 09:57

(បរទេស)៖ នៅទីបំផុត លោក Joan Laporta ត្រូវបានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតជាប់ប្រធានក្លិបបាល់ទាត់អាជីព FC Barcelona ក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសវ័យ ៦៣ឆ្នាំខាងលើនេះ បានទទួលសំឡេងគាំទ្រលើសលប់ជាង ៦៨% និងបន្តកាន់កាប់តំណែងជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមការប្រកាសពីក្លិបលេងនៅក្របខណ្ឌ La Liga របស់អេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។

ចំណែកឯគូប្រជែងរបស់លោកវិញ គឺលោក Victor Font បានទទួលសំឡេងគាំទ្រតែជិត ៣០% ពីការបោះឆ្នោតដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។

ទោះជាយ៉ាងណា លោក Laporta បានចុះចេញពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងក្លិបរៀបចំបោះឆ្នោតជ្រើសរើសប្រធានថ្មីផងដែរ គិតចាប់តាំងពីលោកបានចូលកាន់តំណែងធំនៅតំបន់ Catalan មួយនេះតាំងពីខែមីនា ឆ្នាំ២០២១។

ក្រោយការជាប់ឆ្នោតនេះដែរ លោក Laporta បានពិព័រណ៌នាថា «ការគាំទ្រនេះ វានឹងផ្តល់ឱ្យពួកយើងបន្តរឹងមាំបន្ថែមទៀត និងមិនអាចបញ្ឈប់ពួកយើងបានទេ»

ស្ថិតក្រោមការដឹកនាំរបស់លោក Joan Laporta នៅពេល Barca បានកំពុងជួបវិបត្តិហិរញ្ញវត្ថុផងនោះ ប៉ុន្តែពួកគេនៅតែអាចឈ្នះពានដល់ទៅ ៣នារដូវកាលមុន និងបានកំពុងឈរទីកំពូលលីគ La Liga ដាច់ ៤ពិន្ទុទៀតផងពី Real Madrid រដូវកាលនេះ ដែលត្រៀមប៉ះ Newcastle United នៅរាត្រីថ្ងៃពុធ បញ្ចប់ជើងទី២ ផងដែរនៃវគ្គ ១៦ក្រុម UEFA Champions League 2025-26៕