ក្រុមហ៊ុន OpenAI (ម្ចាស់ ChatGPT) រងការប្ដឹងផ្ដល់សារជាថ្មី ពីបទលួចចម្លងទិន្នន័យចំណេះដឹងរាប់សែនអត្ថបទ

17-03-2026 10:20

(ញូវយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI ដែលពិភពលោកស្គាល់ច្បាស់តាមរយៈកម្មវិធី ChatGPT កំពុងតែធ្លាក់ក្នុងវិបត្តិផ្លូវច្បាប់ម្ដងទៀត បន្ទាប់ពីស្ថាប័នចំណេះដឹងកម្រិតពិភពលោក Encyclopedia Britannica បានដាក់ពាក្យប្ដឹងជាផ្លូវការ ជុំវិញការលួចយកទិន្នន័យរាប់សែនអត្ថបទមកបង្រៀន AI របស់ខ្លួន។

នៅក្នុងពាក្យបណ្ដឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធអាមេរិក OpenAI ត្រូវបានគេរកឃើញថា បានលួចទាញយកអត្ថបទ និងនិយមន័យវចនានុក្រមជិត ១០០,០០០ អត្ថបទ ពី Britannica និង Merriam-Webster។ ការធ្វើបែបនេះ គឺដើម្បីឱ្យ ChatGPT មានភាពឆ្លាតវៃ និងអាចឆ្លើយតបសំណួរមនុស្សបានយ៉ាងល្អ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាការរំលោភលើកម្មសិទ្ធិបញ្ញាដែលមិនអាចទទួលយកបាន។

ស្ថាប័ន Britannica បានអះអាងថា OpenAI មិនត្រឹមតែលួចទិន្នន័យយកទៅប្រើដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែ ChatGPT ថែមទាំងផ្ដល់ចម្លើយដែល «ចម្លងមកទាំងស្រុង» មកបង្ហាញដល់អ្នកប្រើប្រាស់។ ទង្វើនេះធ្វើឱ្យមនុស្សលែងចូលទៅកាន់គេហទំព័រដើម ដែលនាំឱ្យម្ចាស់ទិន្នន័យខាតបង់ចំណូលផ្សាយពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ។

ជាការឆ្លើយតប ភាគី OpenAI បានលើកឡើងថា ម៉ូដែល AI របស់ខ្លួនគ្រាន់តែប្រើប្រាស់ទិន្នន័យដែលមានជាសាធារណៈ (Public Data) ក្នុងគោលបំណងបង្កើតការច្នៃប្រឌិតថ្មីប៉ុណ្ណោះ។ OpenAI នៅតែប្រកាន់ជំហរថា សកម្មភាពរបស់ខ្លួនស្ថិតក្រោមច្បាប់ «ការប្រើប្រាស់ដោយសុចរិត» ដែលអនុញ្ញាតឱ្យយកទិន្នន័យមកកែច្នៃជាប្រយោជន៍ថ្មី។

បណ្ដឹងថ្មីនេះ គឺជាសម្ពាធបន្ថែមទៀតលើ OpenAI ខណៈដែលកន្លងមក ក្រុមហ៊ុននេះក៏ធ្លាប់ត្រូវបានប្ដឹងដោយស្ថាប័នព័ត៌មានល្បីៗ និងអ្នកនិពន្ធជាច្រើនរួចមកហើយ ជុំវិញករណីស្រដៀងគ្នានេះ។ ប្រសិនបើ OpenAI ចាញ់ក្ដី ក្រុមហ៊ុនអាចនឹងត្រូវសងសំណងជាទឹកប្រាក់មហាសាល និងត្រូវបង្ខំឱ្យបញ្ឈប់ការប្រើប្រាស់ទិន្នន័យទាំងនោះ៕