ប្រដាល់សកល ត្រៀមប្រកួតជ្រើសរើសថ្នាលជម្រើសជាតិ ឆ្នាំ២០២៦ ចុងខែនេះ

17-03-2026 10:36

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសបេក្ខភាពជម្រើសជាតិថ្នាល ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៣០ ខែមីនានេះ នៅសាលហ្វឹកហាត់ប្រដាល់សកល ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ នាដើមសប្ដាហ៍នេះ លក្ខខណ្ឌនៃការចូលរួមប្រកួត កីឡាករត្រូវមានអាយុ ១២ឆ្នាំ ពោលគឺកើតនៅឆ្នាំ២០១៤ ដោយត្រូវភ្ជាប់មកជាមួយនូវសំបុត្រកំណើត ហើយជាកីឡាករមានបទពិសោធន៍ក្នុងការហ្វឹកហាត់ និងប្រកួតកន្លងមក។ ចំពោះការប្រកួតបែងចែកជា ៣វិញ្ញាសា រួមមានទម្ងន់ ៣៥គីឡូក្រាម, ៤០គីឡូក្រាម និង ៤៥គីឡូក្រាម។

តាមរយៈសេចក្ដីជូនដំណឹងនេះ សហព័ន្ធបានអំពាវនាវដល់បណ្ដាសមាគម/ក្លិបប្រដាល់សកលទាំងអស់ ដែលជាសមាជិករួសរាន់ចុះឈ្មោះបញ្ជូនកីឡាករថ្នាលរបស់ខ្លួនចូលរួមប្រកួតឲ្យបានមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំ និងចម្រាញ់បាននូវធនធានកីឡាករថ្នាលឆ្នើមៗ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានាផងដែរ៕