FIFA ដាក់ទណ្ឌកម្មនីហ្សេរីយ៉ា និងកុងហ្គោ កាលពីលេងជម្រុះ World Cup 2026
17-03-2026 11:36
(បរទេស)៖ សហព័ន្ធ FIFA បានសម្រេចដាក់ពិន័យសហព័ន្ធបាល់ទាត់ជាតិនៃប្រទេសនិហ្សេរីយ៉ា និងកុងហ្គោ ដោយបានល្មើសវិន័យដោយចេតនាកាលជម្រុះ World Cup 2026 នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បើយោងតាមក្រមវិន័យ មុនឈានដល់ការសម្រេចពីសំណាក់ FIFA បន្ទាប់ពីរកឃើញថា សហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា NFF និងកុងហ្គោ Fecofa បានបង្កកំហុសដាច់ដោយឡែកពីគ្នា ពោលគឺ FIFA បានដាក់ពិន័យ NFF ជាទឹកប្រាក់ប្រមាណ ១,២០០ដុល្លារ ពីការបង្កអសន្តិសុខនាអំឡុងប្រកួត តាមរយៈបណ្តោយអ្នកគាំទ្រគប់របស់របរចូលទីលាន។
ចំណែកឯសហព័ន្ធ Fecofa វិញ ត្រូវបាន FIFA ពិន័យជាប្រាក់ជិត ៧ពាន់ដុល្លារ ដោយសារអ្នកគាំទ្របានប្រើប្រាស់ភ្លើងឡាស៊ែរបានចូលទីលាន។
នៅចាំបានថា ការប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អាហ្រ្វិក CAF ត្រូវបានបិទបញ្ចប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើឡើងនៅឯទីក្រុង Rabat ប្រទេសម៉ារ៉ុក នៅពេល DR Congo បានយកឈ្នះនីហ្សេរីយ៉ា ៤-៣ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយប្រកួតពេញម៉ោង និងថែម ១៥នាទី ២ដង ស្មើគ្នា ១-១ រួចមក។
តាមរយៈជ័យជម្នះនេះដែរ បានញាំងឱ្យកុងហ្គោ មានក្តីរំពឹងឡើងទៅលេង World Cup ជុំចុងក្រោយជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៤ ដែលត្រូវប្រឈមមុខរវាងក្រុមឈ្នះ New Caledonia ឬក៏ហ្សាម៉ាអ៉ីក (ចាម៉ៃកា) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងប្រកួតអន្តរទ្វីប Intercontinental៕



