ចំណេះដឹងរថយន្ត EV ! ការសិក្សាជាក់ស្តែងទ្រង់ទ្រាយធំ ចំពោះអាគុយរថយន្តអគ្គិសនី គឺមានអាយុកាលប្រើប្រាស់យូរ តែមានផលប៉ះពាល់គុណភាព ២%ក្នុងរយៈពេល ១ឆ្នាំ អាស្រ័យអ្នកប្រើប្រាសតាមទម្លាប់សាក

17-03-2026 12:24

(ភ្នំពេញ)៖ យោងតាមការសិក្សាស្រាវជ្រាវជាក់ស្តែងនឹងជាទ្រង់ទ្រាយធំមួយ​ បានបង្ហាញ​ថា អាគុយរថយន្តអគ្គិសនី គឺមានអាយុកាលប្រើប្រាស់បានយូរ ពោលគឺវាអាចស្រកចុះគុណភាពតែ ២%ប៉ុណ្ណោះក្នុងរយៈពេល ១ឆ្នាំ ដែលតិចជាងឆ្ងាយពីការប៉ាន់ស្មានរបស់​អ្នកបើកបរជាច្រើន ខណៈទិន្នន័យ​នេះត្រូវបាន​ប្រមូល​ចេញពីរថយន្តអគ្គិសនីចំនួន ២២៧០០គ្រឿង ដែលស្ថិតក្នុង ២១ម៉ូឌែល ដោយប្រើវិធីសាស្រ្ត Telematics របស់​ក្រុមហ៊ុន Geotab។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្លាក់ចុះគុណភាពកម្រិតអាគុយចំនួន ២%ជាមធ្យមក្នុងរយៈពេល ១ឆ្នាំនោះ គឺមានន័យថា ការប្រើប្រាសរថយន្តអគ្គិសនីរយៈពេល ១០ឆ្នាំ ក៏អាចនៅរក្សាគុណភាពអាគុយបាន ៨០%ផងដែរ។ ប្រសិនបើរថយន្តអគ្គិសនីថ្មី ១គ្រឿង ពេលសាកពេញអាចធ្វើដំណើរបានដល់ ៥១៥គីឡូម៉ែត្រ អ៊ីចឹងក្នុងរយៈពេល ១០ឆ្នាំក្រោយ គឺនៅអាចធ្វើដំណើរបាន​ប្រហែល ៤២០គីឡូម៉ែត្រទៀត។

ការស្រកចុះគុណភាពអាគុយបែបនេះ ក៏ពាក់ព័ន្ធ​ទៅនឹង​ទម្លាប់ប្រើប្រាស់​ប្រចាំថ្ងៃរបស់អ្នកប្រើប្រាសផងដែរ ហើយប្រសិនណាអ្នកប្រើប្រាស់រថយន្ត​ EV សាកថ្ម​ល្បឿនលឿនជាញឹកញាប់ពេកនោះ ក៏អាចធ្វើឱ្យគុណភាពអាគុយមានការធ្លាក់ចុះកាន់តែលឿនផងដែរ ជាពិសេសបើសាកចាប់ពីល្បឿន ១០០គីឡូវ៉ាត់ឡើងទៅ គឺអាចបណ្តាលឲ្យអាគុយស្រកចុះគុណភាពឈានដល់ ៣% ក្នុងរយៈពេល ១ឆ្នាំ។

ជាការកត់សម្គាល់ យោងទៅតាមទិន្នន័យដដែលនេះ បានបង្ហាញទៀតថា ការសាកថ្មរថយន្តដល់ ១០០% ឬបើកបរក្នុងស្ថានភាពអាគុយសល់ថាមពលតិចភាគរយជាញឹកញាប់ ក៏ដូចជាបើកបរក្នុងអាកាសធាតុក្តៅ គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះចំពោះអាគុយ ដោយធ្វើឲ្យមានការស្រកចុះគុណភាពត្រឹម ០,៤% ក្នុងរយៈពេលប្រើប្រាស ១ឆ្នាំ។

ដូច្នេះ សម្រាប់ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនី ប្រាកដជាបានដឹងច្បាស់ពីបញ្ហានេះ ដូចនោះទាក់ទងនឹងការឌីហ្សាញ ក៏ដូចជាការផលិតអាគុយដែល ត្រៀមបំពាក់លើរថយន្តស៊េរីថ្មីៗចុងក្រោយនោះ នឹងកាន់តែធ្វើឲ្យមានភាពធន់លើការប្រើប្រាស់បានកាន់តែយូរទៀត បើទោះជាអ្នកប្រើប្រាស់​មានទម្លាប់សាកបញ្ចូលថាមពលអាគុយបែបណាក៏ដោយនោះ៕