Thiago និង Rayan ត្រូវបានកោះហៅចូលជម្រើសជាតិប្រេស៊ីលលើកដំបូង ត្រៀមប៉ះបារាំង និងក្រូអាត

17-03-2026 12:43

(បរទេស)៖ ខ្សែប្រយុទ្ធ Igor Thiago និងបម្រើស្លាប Rayan បានទទួលការកោះហៅចូលជម្រើសជាតិជាលើកដំបូងរបស់ពួកគេ ដើម្បីរួមចំណែកជួយសាំបាប្រេស៊ីល លេងមិត្តភាពអន្តរជាតិទល់នឹងមាន់គកបារាំង និងក្រឡាអុកក្រូអាត នាចុងខែមីនា ឆ្នាំ២០២៦។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទាំង Thiago និង Rayan បានកំពុងបង្ហាញភាពលេចធ្លោក្នុងក្លិប Brentford រួមទាំង AFC Bournemouth នារដូវកាលឆ្នាំ២០២៥-២៦ នេះដូចគ្នា។

Thiago បានឈរនៅលេខរៀងទី២ ក្នុងតារាង Top scorer នៅក្របខណ្ឌ Premier League រដូវកាលនេះ តាមរយៈរកបាន ១៩គ្រាប់ ដែលធ្វើឱ្យ Brentford ឈរនៅលេខ៧ ក្នុងតារាងលីគបច្ចុប្បន្ន នៅពេលដែលខ្សែប្រយុទ្ធ Haaland របស់ក្លិប Manchester City ដែលរកបាន ២២គ្រាប់ច្រើនជាងគេ។

ចំណែកឯ Rayan វ័យ ១៩ឆ្នាំវិញបានផ្លាស់មកចូលរួមជាមួយ Bournemouth នាអំឡុងខែមករា ឆ្នាំ២០២៦ ក្នុងតម្លៃខ្លួន ២៤.៧លានផោនពីក្លិប Vasco de Gama ដោយស៊ុតបាន ២គ្រាប់ផងដែរនៅ Premier League រដូវកាលនេះ។

សមិទ្ធផលនេះបានទាក់ភ្នែករបស់លោក Carlo Ancelotti អ្នកចាត់ការទូទៅប្រេស៊ីល អតីតជើងឯក World Cup ៥សម័យ ក្នុងការចុចឈ្មោះចូលរួមជម្រើសជាតិ ដើម្បីប៉ះបារាំងនាថ្ងៃទី២៦ ខែមីនា នៅទីក្រុង Boston និងមុនពេលប៉ះ ក្រូអាត នៅឯទីក្រុង Orlando ក្នុងរយៈពេល ៤ថ្ងៃបន្ទាប់ ដែលជា ២ប្រកួតមិត្តភាពចុងក្រោយនៃក្រុមខ្លាំងប្រចាំតំបន់ អាមេរិកឡាទីន មុនប្រកាសឈ្មោះកីឡាករទៅលេង World Cup 2026៕