Chelsea ជាប់បម្រាមទិញកីឡាករ ១ឆ្នាំ ក្រោយរកឃើញចាយប្រាក់ជិត ៥០លានផោន ដោយសំងាត់

17-03-2026 16:32

(បរទេស)៖ ក្រុមបាល់ទាត់អាជីព Chelsea បានរងនូវទណ្ឌកម្មរយៈពេល ១ឆ្នាំពីក្របខណ្ឌកំពូលអង់គ្លេស Premier League ក្នុងការទិញកីឡាករថ្មីចូល ទាំងក្រុមធំ-តូច ក្រោយរកឃើញល្មើសនឹងច្បាប់ចាយវាយនាពេលកន្លងមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមមានមូលដ្ឋានប្រចាំទីក្រុង London មួយនេះ ក៏រងពិន័យជាទឺកប្រាក់ប្រមាណជាង ១០លានផោនផងដែរ បន្ថែមលើបម្រាមទិញកីឡាករថ្មីចូល ១ឆ្នាំ ក្រោយរកឃើញនូវការចំណាយប្រាក់ ៤៧លានផោនទៅលើភ្នាក់ងារទិញ-ដូរកីឡាករដោយពុំបានជូនដំណឹងកាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៨។

ទោះជាយ៉ាងណា នេះក៏ជាសំណាងល្អផងដែរដែលមិនរងនូវការកាត់ពិន្ទុពី Premier League ទោះបីជាទណ្ឌកម្មធ្ងន់ធ្ងរក្នុងលីគក៏ដោយ ដោយកន្លងមកធ្លាប់ពិន័យក្លិប West Ham United ៥.៥លានផោនកាលឆ្នាំ២០០៧ ជុំវិញការទិញកីឡាករ Javier Mascherano និង Carlos Tevez។

លើសពីនេះទៀត Chelsea ក៏ទទួលការពិន័យប្រមាណ ៧៥០,០០០ផោនទៀត និងពិន័យ ៩ខែថែមទៀត ពីការដោះដូរកីឡាករយុវជន ជុំវិញការធ្វើខុសលក្ខខណ្ឌចុះឈ្មោះកីឡាករយុវជនចូលលេងនៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២២។

កីឡាករទាំង ៧នាក់ស្ថិតក្នុងរបាយការណ៍ ដែលតោខៀវមិនបានរាយការណ៍ច្បាស់លាស់ទាំងនោះ គឺតាំងពីស្ថិតក្រោម ការគ្រប់គ្រងរបស់មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich រួមមាន Ramires, Luiz, Hazard, Schurrle, Eto’o, Willian និង Matic៕