យល់ដឹងកីឡា៖ នៅក្នុងបាល់ទាត់ ហេតុអ្វីចាំបាច់មានការប្តូរកីឡាករ ពេលអំឡុងប្រកួត?

18-03-2026 08:56

(បរទេស)៖ នៅក្នុងបាល់ទាត់ ការផ្លាស់ប្តូរកីឡាករនៅអំឡុងប្រកួតណាមួយ អាចមកពីកត្តារបួស កម្លាំងកាយ និងទម្រង់លេងធ្លាក់ចុះ ជាមួយនឹងការគិតគូរពីសុខុមាលភាពកីឡាករជាដើម។ ការផ្លាស់ប្តូរនេះ គឺដើម្បីរក្សាតុល្យភាព និងយុទ្ធសាស្ត្រ របស់ក្រុមនីមួយៗទៀតផង។

មូលហេតុសំខាន់ៗទាំង៤ ខាងក្រោមនេះ ជាកត្តាដែលញាំងឱ្យគ្រប់ការប្រកួតបាល់ទាត់ មានការផ្លាស់ប្តូរកីឡាករ (substitute)៖

១៖ ជំនួសកីឡាកររបួស-បើមានកីឡាកររបួសមិនអាចបន្តការប្រកួតបាន ក្រុមត្រូវប្តូរអ្នកថ្មីចូល ដើម្បីកុំឱ្យខ្វះមនុស្ស។

២៖ ប្តូរយុទ្ធសាស្ត្រ-គ្រូបង្វឹកអាចប្តូរកីឡាករដែលមានជំនាញផ្សេងមកវិញ ដើម្បីពង្រឹងតំបន់ការពារ ឬបន្ថែមប្រយុទ្ធ ទៅតាមស្ថានភាពជាក់ស្តែង។

៣៖ កត្តាកម្លាំង-កីឡាករដែលហត់ខ្លាំង ឬអស់កម្លាំងត្រូវបានប្តូរចេញ ដើម្បីរក្សាល្បឿន និងថាមពលរបស់ក្រុមឱ្យនៅខ្លាំងដដែល។

៤៖ ពន្យារពេល-ជួនកាលក្រុមដែលកំពុងនាំមុខ ប្រើការប្តូរកីឡាករនៅនាទីចុងក្រោយ ដើម្បីឱ្យម៉ោងដើរទៅមុខ និងបំបែកចង្វាក់លេងរបស់គូប្រកួត។

បច្ចុប្បន្ន តាមច្បាប់ភាគច្រើន ក្រុមនីមួយៗអាចប្តូរកីឡាករបាន ៥នាក់ក្នុង ១ប្រកួត និងនៅតាមកម្មវិធីខ្លះទៀត អាចប្តូរបានតែ ៣នាក់ប៉ុណ្ណោះ៕